(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានបញ្ជាឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបញ្ចប់ការបូមខ្សាច់លើសម៉ោង និងការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ជាបន្ទាន់ ក្រោយពួកគេទាំងនោះបានល្មើសបំពាននឹងសារាចរណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្ត ដោយព្រហើនមិនខ្លាចច្បាប់ អាងខ្នងជាដើម។

ការបញ្ជាបែបនេះរបស់លោកបណ្ឌិត ម៉ៅ ភិរុណ បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៩ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការចូលរួមពីលោកបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត មួយចំនួនផងដែរ។

លោកបណ្ឌិតបានគូសបញ្ជាក់ដូច្នេះថា៖ «បន្ទាប់ពីទឹកទន្លេស្រកចុះ ព្រែកអាចបណ្ដាលឱ្យមានការបាក់ច្រាំង ដែលជាកត្តាធម្មជាតិ ក៏ប៉ុន្តែក៏មានកត្តាមួយចំនួន ដែលជាបញ្ហាប្រឈមបណ្ដាលឱ្យមានការបាក់ច្រាំង និងធ្វើឱ្យរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានដូចជា ការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ និងកាបូបហួសម៉ោងដែលច្បាប់បានកំណត់ផងដែរ។ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីររ៉ែ និងថាមពល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាបញ្ចប់នូវសកម្មភាពទាំងនេះឱ្យបាន ដើម្បីកាត់បន្ថយនូវការបាក់ច្រាំង និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ»

នៅក្នុងឱកាសនោះ លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងល្អប្រសើរ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ។

គួរជម្រាបថា ដោយសារតែការបូមខ្សាច់ខុសទីតាំង និងខុសម៉ោងពេលវេលា បូមគ្មានប្រណីគិតតែប្រយោជន៍ផ្ទាល់ខ្លួន បូកផ្សុំនឹងការរួមចំណែកចូលដៃជើងពីមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋាន ទើបការប្រព្រឹត្តិល្មើសនេះអាចទៅរួច ដែលកត្តានេះបណ្ដាលឱ្យមានការបាក់ច្រាំងទន្លេជាហូរហែរ នៅតាមភូមិសាស្ត្រស្រុកជាប់ទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ខណៈដែលពលរដ្ឋរស់នៅមានការភ័យខ្លាច៕