(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន បានបញ្ជាក់ថា ការជួញដូរគ្រឿងញៀននៅក្នុងស្រុក និងឆ្លងកាត់ព្រំដែនកាន់តែសកម្មជាងមុន ពិសេសការជួញដូរគ្រឿងញៀនដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍កំពុងតែពេញនិយម និងមានលក្ខណៈស្មុគស្មាញមិនទាន់អាចមានវិធានការឆ្លើយតបបាននៅឡើយ។

ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានធ្វើឡើងនៅក្នុងពិធីបិទកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។ ខណៈកិច្ចប្រជុំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានការអញ្ជើញចូលរួមកិច្ចប្រជុំពីថ្នាក់ដឹកនាំរដ្ឋជាសមាជិកអាស៊ាន។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការពិតណាស់ រយៈពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក និងតំបន់ មិនបានធ្វើឱ្យបញ្ហាគ្រឿងញៀនថយចុះនោះទេ។ ការជួញដូរគ្រឿងញៀនទាំងនៅក្នុងស្រុក និងឆ្លងកាត់ព្រំដែនកាន់តែសកម្មជាងមុន ពិសេសការជួញដូរគ្រឿងញៀនដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍កំពុងតែពេញនិយម និងមានលក្ខណៈស្មុគស្មាញដែលយើងនៅមិនទាន់អាចមានវិធានការឆ្លើយតបបាននៅឡើយ»

តាមរយៈការចូលរួមយ៉ាងសកម្ម និងផុលផុសនេះ នាយឧត្តមសេនីយ៍ បានកត់សំគាល់ឃើញថា៖ «យើងទាំងអស់គ្នាបានទទួលស្គាល់ថាបញ្ហាគ្រឿងញៀនបាននឹងកំពុងបង្កនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសហគមន៍ ការកសាង និងអភិវឌ្ឍន៍ប្រទេស នាពេលបច្ចុប្បន្ន»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា លទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមានការកើនឡើងយ៉ាងគំហុកក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ការដាំដុះគ្រឿងញៀនធម្មជាតិ មានការថយចុះ ស្របពេលដែលការផលិតគ្រឿងញៀនសំយោគមានការកើនឡើង រីឯតម្លៃគ្រឿងញៀនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលជាកត្តាជំរុញឱ្យចំនួនអ្នកប្រើបំពានគ្រឿងញៀនកាន់តែមានចំនួនច្រើនឡើង។ ការជួញដូរសារធាតុគីមីផ្សំពីប្រភពផលិត ទៅកាន់តំបន់ត្រីកោណមាសនៅតែជាបញ្ហាចោទ បើទោះជាយើងបានខិតខំរួមសហការគ្នាទប់ស្កាត់ និងបង្រ្កាបយ៉ាងណាក៏ដោយ ក៏ក្រុមឧក្រិដ្ឋជនអន្តរជាតិ និងក្នុងស្រុកនៅតែអាចរិះរកវិធីសាស្រ្តក្នុងការជួញដូរសារធាតុគីមីផ្សំទាំងនេះ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពិសោធ៍គ្រឿងញៀនលួចលាក់ ជាក់ស្តែងមន្រ្តីអនុវត្តច្បាប់របស់យើងបានបង្រ្កាប និងចាប់យកនូវសារធាតុគីមីផ្សំបានជាច្រើនរយតោនក្នុង១ឆ្នាំៗ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា ឆ្លើយតបទៅនឹងការព្រួយបារម្ភ និងបញ្ហាប្រឈមខាងលើ កិច្ចជុំថ្នាក់រដ្ឋមន្រ្តីិអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀននាពេលនេះ បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានកត់សំគាល់នូវរាល់ការលើកឡើងអំពីសភាពការណ៍គ្រឿងញៀនរបស់បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដែលកំពុងជួបប្រទេះ ក៏ដូចជាលទ្ធផលដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការគ្នាដ៏ល្អរបស់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន តាមរយៈរបាយការណ៍កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានស្តីពី បញ្ហាគ្រឿងញៀន ASOD លើកទី៤១ និង៤២ ដែលសម្រេចបានក្រោមការដឹកនាំសម្របសម្រួលពីប្រទេសឥណ្ឌូនេសុី និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលគ្របដណ្តប់លើវិស័យមួយចំនួន រួមមាន៖

ទី១៖ ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាព ក្រុមការងារត្រួតពិនិត្យគ្រឿងញៀននៅអាកាសយានដ្ឋានអន្តរជាតិ, ក្រុមការងារត្រួតពិនិត្យគ្រឿងញៀននៅតាមកំពង់ផែសមុទ្រ, មជ្ឈមណ្ឌលសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន និងបណ្តាញឃ្លាំមើលត្រួតពិនិត្យគ្រឿងញៀន
ទី២៖ ការពិនិត្យ និងវាយតម្លៃពីបញ្ហាជាក់ស្តែង ដែលនៅតែអាចផ្តល់ឱកាសឱ្យក្រុមឧក្រឹដ្ឋជនអាចបង្វែរ និងនាំសារធាតុគីមីទៅធ្វើការផលិតគ្រឿងញៀនបាននៅតាមតំបន់នានា
ទី៣៖ ការបន្តពង្រឹងប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មានបទល្មើសឱ្យគ្នាទៅវិញទៅមក
ទី៤៖ ការជួយពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ដល់ប្រទេសជាសមាជិកដែលខ្វះលទ្ធភាព
ទី៥៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ការផ្គត់ផ្គង់ និងតម្រូវការគ្រឿងញៀននៅក្នុងតំបន់
ទី៦៖ របាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០១៦-២០២៥
និងទី៧៖ របាយការណ៍ត្រួតពិនិត្យឡើងវិញនូវការអនុវត្តផែនការសហប្រតិបត្តិការអាស៊ាន ក្នុងការទប់ស្កាត់ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ត្រីកោណមាស ឆ្នាំ២០២០-២០២២៕