(ភ្នំពេញ)៖ ប្រធានគណៈកម្មការផ្សារទួលទំពូង, ផ្សារច្បារអំពៅ និងផ្សារបឹងកេងកងជាដើម បានអំពាវនាវដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលចូលក្នុងផ្សារ ត្រូវយកកាត ចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ បង្ហាញជូនក្រុមសន្តិសុខសណ្តាប់ធ្នាប់ផ្សារឱ្យបានគ្រប់ៗគ្នា មុនចូលក្នុងផ្សារ បើមិនមានទេមិនអនុញ្ញាតឱ្យចូលក្នុងផ្សារឡើយ។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះថា ដោយអនុវត្តតាមសេចក្ដីណែនាំលេខ ០២៧/២១សណន ចុះថ្ងៃទី០៥ តុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារទូទំពូង បានរៀបចំនៅតាមច្រកចេញចូលផ្សារទាំងអស់ ដោយតម្រូវឱ្យប្រជាពលរដ្ឋ និងក្រុមអាជីវករ ដែលចូលផ្សារ ត្រូវបង្ហាញកាតចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ទាំងអស់ មានន័យថា បើប្រជាពលរដ្ឋមិនមានការចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឱ្យចូលផ្សារទេ។

ដោយឡែក សម្រាប់ផ្សារបន្លែច្បារអំពៅ ផ្សារច្បារអំពៅវិញ បើតាមការបញ្ជាក់របស់លោក គួច ចំណាន ក៏ដូចលោក សាន់ ប៊ុនណា បានឱ្យដឹងដែរថា ផ្សារទាំង២ បាន អនុវត្តតាំងពីថ្ងៃទី១១ ខែតុលាមកម្ល៉េះ តែសម្រាប់ថ្ងៃដំបូង មានអាជីវករ និងប្រជាពលរដ្ឋ ដែលចេញចូលផ្សារមួយចំនួន បានបង្ហាញកាតចាក់វ៉ាក់សាំងតែមួយចំនួនទៀត ក៏មិនបានយកកាតចាក់វ៉ាក់សាំងមកជាប់តាមខ្លួនដែរ។ ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពីគណៈកម្មការផ្សារជាញឹកញាប់ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បានអនុវត្ត និងសហការបានយ៉ាងល្អ ជាមួយគណៈកម្មការផ្សារ ពេលចេញចូលផ្សារ និងមកប្រកបអាជីវកម្មនៅក្នុងផ្សារមានកាតចាក់វ៉ាក់សាំងជាប់ខ្លួនជានិច្ច។

ដោយឡែកប្រធានគណៈកម្មការផ្សារបឹងកេងកង បានបញ្ជាក់ដែរថា ក្រៅពីជីវករ និងប្រជាពលរដ្ឋដែលចេញចូលផ្សារ បង្ហាញកាតចាក់វ៉ាក់សាំងហើយ ផ្សារបឹងកេងកង ក៏បានអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលជាប្រចាំផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

គួរបញ្ជាក់ផងដែរថា បើយោងទៅលើសេចក្ដីណែនាំលេខ ០២៧/២១សណន ចុះថ្ងៃទី០៥ ខែតុលា របស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែមដល់ប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជទាំងអស់ ត្រូវមានកាតព្វកិច្ច បង្ហាញបណ្ណចាក់ វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំង អាជីវកម្មនានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញ លើគ្រប់វិស័យនាពេលឆាប់ៗខាងមុខនេះ៕