(ភ្នំពេញ)៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង បុកជាមួយរថយន្តសាំយ៉ុង ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដោះស្រាយបញ្ចប់ហើយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ និងបានអនុញ្ញាត្តិឱ្យអ្នកបើករថភ្លើងប្រឡប់ទៅផ្ទះវិញដោយគ្មានទោសផងដែរ។

សូមរំលឹកថា នៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២១ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថភ្លើងបើករថយន្តសាំយ៉ុង ស្ថិតនៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនវាលរេញ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យបុរសម្នាក់ ជាអ្នកបើកបររថយន្ត បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុមានការឃាត់ខ្លួនបុរសជាអ្នកបើកបររថយន្តភ្លើងផងដែរ។ របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា អ្នកបើកបររថភ្លើងមានឈ្មោះ សេង សុផល ជាជនជាតិខ្មែររស់នៅរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាអ្នកបើកបររថយន្ត ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ នៅក្នុងភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នាំឱ្យមានការវែកញែករកត្រូវ និងខុសរវាងភាគីខាងរថភ្លើង និងខាងរថយន្តផងដែរ។

ប្រភពព័ត៌មានពីមន្ត្រីជំនាញ បានគូសបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារតែបញ្ហាទាក់ទងគ្នារវាងអ្នកបើករថយន្តរថភ្លើង និងទម្លាក់ប៉ារ៉ាស់។ ពោលនៅពេលរថយន្តជិតមកដល់ផ្លូវឆ្លងកាត់នោះ មិនមានអ្នកមកទម្លាក់ប៉ារ៉ាស់នោះឡើយ។

តែក៏មានការលើកឡើងដែរថា សម្រាប់ផ្លូវរថភ្លើង គឺរថភ្លើងមានអាទិភាព។ នៅចំណុចឆ្លងកាត់នោះ ក៏មានដាក់សញ្ញាប្រាប់ឱ្យមានការប្រយ័ត្នព្រោះជាចំណុចរថភ្លើងឆ្លងកាត់ ដូច្នេះអ្នកធ្វើដំណើរពេលមកដល់ចំណុចផ្លូវរថភ្លើង គឺត្រូវបញ្ឈប់រថយន្ត ហើយមើលឆ្វេងស្តាំជាមុនសិន មុននឹងឆ្លងកាត់ដើម្បីបង្ការគ្រោះដូចករណីនេះ។

បើទោះបីជាយ៉ាងណាក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា វិវាទនេះត្រូវបានដោះស្រាយបញ្ចប់ក្រោមស្មារតីយោគយល់គ្នា និងការផ្សះផ្សារវាងភាគីទាំងសងខាង។ ក្នុងនោះ សមត្ថកិច្ចបានដោះលែងអ្នកបើករថភ្លើងឱ្យត្រឡប់ទៅវិញ ដោយគ្រាន់តែសាកសួរនាំព័ត៌មាន និងកសាងសំណុំរឿងមួយចំនួន។

ដោយឡែកភាគីខាងក្រុមហ៊ុនរថភ្លើង ក៏បានទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពរបស់ជនរងគ្រោះផងដែរ៕