(ភ្នំពេញ)៖ ថ្ងៃនេះគឺជាខួបអនុស្សាវរីយ៍លើកទី២៧ នៃការបង្កើតកងពលតូចលេខ៧០។ តើកងពលតូចលេខ៧០ មានប្រវត្តិយ៉ាងណាខ្លះ? តើកងពលមួយនេះបានធ្វើអ្វីខ្លះ ពិសេស ក្នុងគ្រាដែលកម្ពុជាកំពុងទទួលរងគ្រោះទឹកជំនន់នេះ តើកម្លាំងកងពលតូចលេខ៧០ បាននិងកំពុងចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងដូចម្តេច? សូមអញ្ជើញអានអត្ថបទសង្ខេបដូចខាងក្រោម៖

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួបលើកទី២៧ នៃការបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២១)។ កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកបានកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំង់មានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។

មេបញ្ជាការកងពលតូចលេខ៧០បច្ចុប្បន្ននេះ គឺលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាមេបញ្ជាការឈ្លាសវៃ និងទទួលខុសត្រូវខ្ពស់ប្រកបដោយគុណធម៌ និងបទពិសោធន៍។ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ គឺជាមេបញ្ជាការរងកងទ័ពជើងគោកផង និងជាមេបញ្ជាការកងពលតូចលេខ៧០ ដែលបានក្លាយជាមេបញ្ជាការចាប់តាំងពីថ្ងៃបង្កើត កងពលដំបូង រហូតមកទល់បច្ចុប្បន្ននេះ។

ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ ត្រូវបានកែសម្រួលជាកងពល តូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រឹត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ករ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកសម្រួលឈ្មោះពីកងពលតូចថ្មើរជើង លេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាមេបញ្ជាការ តែងតែប្តេជ្ញាចិត្តយ៉ាងមុតមាំដូចខាងក្រោម៖

*ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានស្ថិតស្ថេររឹងមាំជាអមតៈ

*អនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់

*បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន

*ប្តេជ្ញាវាយកំទេចរាល់ការឃុបឃិតប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ

*ប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅសម្រេចបានសមិទ្ធផល់ជាបន្តបន្ទាប់ ដោយប្រែក្លាយរាល់ភាពប្រឈមចំពោះមុខឲ្យក្លាយទៅជាចំណុចខ្លាំង ដើម្បីជាខឿនការពារជាតិដ៏រឹងមាំ និងប្រកបដោយការជឿទុកចិត្តបំផុតរបស់ជាតិ មាតុភូមិ និងប្រជាជន

*ប្តេជ្ញាសម្រេចឲ្យបាននូវទិសដៅ៥ឆ្នាំ២០១៩-២០២៤ របស់កងពល ដោយបាននិងកំពុងបន្តសកម្មភាពមនុស្សធម៌ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ពង្រឹងគុណភាពនិងសម្ថភាពកងទ័ព តាមរយៈការបណ្ដបណ្ដាលយោធិនបន្តវេន និងការធ្វើទំនើបកម្មសម្ភារៈ ដើម្បីត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ តែងតែប្រកាសយ៉ាងដាច់ណាត់ថា ប្តេជ្ញាវាយកម្ទេច រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសន្តិភាព ឧបាយកលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ។ កងទ័ពមានចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ។

លើសពីនេះ កងពលតូចលេខ៧០ នឹងអនុវត្តឲ្យបានជោគជ័យទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទនយោបាយ និងផែនការយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី២គឺ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ បង្កើនការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន។

ក្នុងឆ្នាំកន្លងទៅនេះ កងពលតូចលេខ៧០ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩ គឺការចូលរួមចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងតំបន់ក្រហម ចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រុងព្រះសីហនុខេត្តព្រះសីហនុ និងស្រុកគងពិសីខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះដែរក៏មានយោធិនមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ហើយកងពលបានបញ្ជូនទៅព្យាបាលរហូតបានជាសះស្បើយ។ លើសពីនេះទៀតកងពលក៏បានសហការជាមួយក្រសួងការពារជាតិផលិត និងចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក៏មានសមិទ្ធិផលជាច្រើនទៀតដូចជាអាគារស្នាក់នៅ អាគារធ្វើការ អាគារចំណតរថយន្ត អាគារមន្ទីរពេទ្យ អាងទឹកនិងម៉ាស៊ីនចម្រុះទឹកស្អាត និងការបង្ករបង្កើនផល ចិញ្ចឹមសត្វសុទ្ធតែជាស្នាដៃខិតខំរបស់នាយទាហាន នាយទាហានរង និងពលទាហាន។

រាល់សមិទ្ធិផលដ៏ធំធេងដែលកងពលតូចលេខ៧០ សម្រេចបានគិតចាប់តាំងពីថ្ងៃបង្កើតកងពល រហូតមកទល់នឹងពេលនេះ គឺអាស្រ័យដោយសារការខិតខំប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយរបស់មេបញ្ជាការគ្រប់ថ្នាក់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល ទើបការងារនេះទទួលបានដោយជោគជ័យក្នុងរយៈពេលកន្លងមក៕