(ព្រះសីហនុ)៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ អញ្ជើញគោរពព្រះវិញ្ញណក្ខន្ធ ដើម្បីថ្វាយមហាព្រះរាជកុសល ខួបទី៩ឆ្នាំ ការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅមុខសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១។

សូមបញ្ជាក់ថា វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី៩ឆ្នាំមុន (២០១២) គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។

ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។

ស្នាព្រះហស្ថធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា៕