(កណ្តាល)៖ មណ្ឌលសុខភាពមូលដ្ឋានចំនួន ៣ មានមណ្ឌលសុខភាពទឹកវិល មណ្ឌលសុខភាពនៅក្រុងបាវិត និងមណ្ឌលសុខភាពបន្ទាយស្រី ទទួលបានជំនួយសម្ភារវេជ្ជសាស្ត្រមួយចំនួនពីសមាគមអតីតនិស្សិតសាកលវិទ្យាល័យជីណានប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សម្រាប់ការប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានទាំងបីនោះ។

ជំនួយសម្ភារវេជ្ជសាស្ត្រទាំងនោះ រួមមាន ក្រដាសអាល់កុលសរុបចំនួន ៧៥០ប្រអប់ ក្នុងនោះត្រូវបានបែងចែកជា៣ចំណែក៖ ១៥០ប្រអប់ សម្រាប់មណ្ឌលសុខភាពទឹកវិល, ២៥០ប្រអប់ សម្រាប់មណ្ឌលសុខភាពនៅក្រុងបាវិត, ២០០ប្រអប់ សម្រាប់មណ្ឌលសុខភាពបន្ទាយស្រី និង ១៥០ប្រអប់ សម្រាប់ប្រើប្រាស់ផ្សេងៗ)។ ក្រៅពីនេះ នៅមានម៉ាស់ចំនួន ៥០០បន្ទះ ថ្នាំ Lianhua Qingwen ចំនួន ១០ប្រអប់ ទឹកបាញ់សម្លាប់មេរោគកូវីដចំនួន ៥លីត្រ និងអាល់កុលចំនួន ២លីត្រ គឺជាការចូលរួមបំពេញបន្ថែមនូវអំណោយជាសម្ភារវេជ្ជសាស្រ្តនានា នាពេលកន្លងមក ដែលសង្គមស៊ីវិលទាំងពីរបានចូលរួមបរិច្ចាគ។

ជំនួយឧបត្ថម្ភទាំងនេះត្រូវបាននាំយកទៅប្រគល់ជូនតំណាងមណ្ឌលសុខភាពទាំងបីរួមគ្នានៅមណ្ឌលសុខភាពទឹកវិល ស្ថិតនៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

នាពិធីប្រគល់-ទទួលជំនួយសម្ភារវេជ្ជសាស្ត្រនេះ លោក ឈីវ លីម សមាជិកក្រុមការងារគណៈពង្រឹងចុះជួយឃុំទឹកវិល ស្រុកស្អាង ដែលតំណាងឱ្យលោក ព្រំ សុភមង្គល ប្រធានក្រុមការងារគណៈពង្រឹងចុះជួយឃុំទឹកវិល បានថ្លែងអំណរគុណដល់សង្គមស៊ីវិលទាំងពីរ ដែលតែងបានគាំទ្រ និងចូលរួមបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋាន។

លោក ឈីវ លីម បានក្រើនរំលឹកនូវការចូលរួមឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយប្រសិទ្ធភាពនៃការអនុវត្តតាមវិធានការសុខាភិបាល ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣កុំ និង ៣ការពារ» ហើយក៏បានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលបន្តចូលរួមចំណែកបម្រើសុខភាពជូនដល់ប្រជាជន និងចូលរួមផ្តល់ព័ត៌មានពីការរក្សាទុកឱ្យបានល្អនូវបណ្ណចាក់វ៉ាក់សាំង។

បន្ថែមពីលើនេះ តាមរយៈក្រុមប្រឹក្សាឃុំទឹកវិល លោក ឈីវ លីម បានស្នើសុំឱ្យបន្តការផ្តល់ព័ត៌មានពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ខាងមុខ។

លោក លាវ វ៉ីទុង (Liu Weidong) ប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យជីណានប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបានលើកទឹកចិត្តដល់បណ្តាសង្គមស៊ីវិលនានានៅកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី និងជាមួយផ្នែកសុខាភិបាលក្នុងការចូលរួមចំណែកជួយទប់ស្កាត់ជំងឺកូវីដ-១៩។

លោក ណាត ប៊ុនអេង ប្រធានមណ្ឌលសុខភាពទឹកវិល បានសាទរនឹងអំណោយនាថ្ងៃនេះ ហើយលោករំពឹងសមាគមទាំងពីរនឹងកៀរគរជំនួយបន្តបន្ទាប់ទៀត ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍកែលម្អហេដ្ឋារចនាសម្ពន្ធរូបវន្តរបស់មណ្ឌលសុខភាព៕