(បាត់ដំបង)៖ មេខ្យល់៣នាក់ និងពលករចំនួន៨នាក់ ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រូវកម្លាំងសមត្ថចម្រុះឃាត់ខ្លួនបាន នៅវេលារំលងអាធ្រាត្រថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិនេះអនុវត្តរួមគ្នារវាងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូន ព្រមទាំងកម្លាំងវរសេនាតូចលេខ៥៣៣។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយបង្ក្រាបជាក់ស្តែងរួមមានពលករខ្មែរសរុបចំនួន៨នាក់ ក្រោយមកបានបន្តនីតិវិធីសាកសួរ និងស្រាវជ្រាវទើបដឹងថា ក្នុងចំណោមពលករទាំង៨នាក់ខាងលើ មានបង្កប់នូវមេខ្យល់ចំនួន៣ផងដែរ ដែលបម្រុងនាំមនុស្សចំនួន៨នាក់ ទៅប្រទេសថៃ ដោយខុសច្បាប់។

មេខ្យល់ប្រុស ស្រីទាំង៣នាក់ខាងលើនេះរួមមានឈ្មោះ ធូ ធា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែក២នាក់មានឈ្មោះ បូ វន ភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ វឿន សុងវិ ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ករណីប៉ុនប៉ងបម្រុងធ្វើសកម្មភាពល្មើសច្បាប់លួចឆ្លងដែននេះ កម្លាំងបង្ក្រាបដកហូតបានវត្ថុតាងបានមួយចំនួនរួមមាន៖ រថយន្ត ០១គ្រឿងម៉ាក Toyota Camry ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩០ ពាក់ស្លាកលេខ ង-៥៨៦៩ ភព២ និងម៉ូតូចំនួន០២គ្រឿងទៀត ម៉ាកហុងឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ និងម៉ាកវេវ ពណ៌ក្រហមលាយខ្មៅ ផលិតឆ្នាំ២០១៨។

បន្ទាប់ពីបញ្ចប់ការសាកសួរមេខ្យល់ទាំង៣នាក់ និងពលករខ្មែរទាំង៨នាក់ខាងលើនេះ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅឱ្យកម្លាំងអធិការដ្ឋានស្រុកសំពៅលូន ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕