(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានឆ្មក់បង្ក្រាបសំបុកក្រុមចែកចាយ និងប្រើប្រាស់គ្រឿង នៅចំណុចបន្ទប់ជួលតាមផ្លូវបេតុង ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ដោយបង្រ្កាបបានជនសង្ស័យចំនួន៥នាក់ រួមនឹងថ្នាំញៀនមួយចំនួនធំ ព្រមទាំងឧបករណ៍សម្រាប់ជក់ និងប្រើប្រាស់គ្រឿងញៀននៅបន្ទប់ជួល។

បើតាមលោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន ខណ្ឌចំការមន បានឱ្យដឹងថា មុនកើតហេតុបានចុះធ្វើរដ្ឋបាលមានការចូលរួមមេភូមិ និងប៉ុស្តិ៍រដ្ឋកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខណ្ឌ ហើយចុះទៅដល់បន្ទប់ជួលខាងលើមានចំនួន ៣បន្ទប់ និងថ្នាំញៀនសរុប ៣៨កញ្ចប់។

ជនសង្ស័យប្រុស ស្រីទាំង៥នាក់នេះ រួមមាន៖

ទី១៖ ឈ្មោះ ម៉ក់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិ៥ ក្រុម៣២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ
ទី២៖ ឈ្មោះ ជា សុផានី ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅជាមួយគ្នា
ទី៣៖ ឈ្មោះ យ៉ាន់ ចន ភេទស្រី អាយុ៤២ឆ្នាំ
ទី៤៖ ឈ្មោះ សន វាសនា ភេទប្រុស អាយុ២១ឆ្នាំ
និងទី៥៖ ឈ្មោះ វិត មករា ភេទប្រុស អាយុ៣៣ឆ្នាំ

បើតាមសមត្ថកិច្ច បានឱ្យដឹងថា វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនចំនួន៣៨កញ្ចប់, ធំល្មមចំនួន៧កញ្ចប់ ដោយរកឃើញនៅបន្ទប់លេខ១ ដោយក្នុងនោះចំនួន ៦កញ្ចប់ ធំល្មមចំនួន៥កញ្ចប់ តូច១កញ្ចប់ ជញ្ជីងថ្លឹង១ ដោយឃាត់ខ្លួនបានមនុស្សចំនួន ៣នាក់ ស្រី១នាក់។ ដោយឡែកសម្រាប់នៅបន្ទប់លេខ០៧ ត្រូវបានរកឃើញគ្រឿងញៀន ចំនួន៨កញ្ចប់ ធំល្មមចំនួន២កញ្ចប់ តូច៦កញ្ចប់ និងឃាត់ខ្លួនមនុស្ស២នាក់។ ចំណែកបន្ទប់លេខ០៤ ជនសង្ស័យបានទំលុះដំបូលផ្ទះរត់គេចខ្លួន បន្សល់ទុកថ្នាំញៀនចំនួន២៤កញ្ចប់ថង់តូច នៅក្នុងបន្ទប់។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីសាកសួរនាំកម្លាំងសមត្ថកិច្ច បានបញ្ជូលជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុខាងលើ ទៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់តាមនីតិវិធីច្បាប់៕