(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនភ្នាក់ងារគណបក្សនយោបាយស្នើសុំសម្រាប់ សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុបមានចំនួន៤,២៨៩នាក់ ក្នុងនោះជាស្ត្រីមានចំនួន ១.១១៩ នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្ដោះអាសន្នចំនួនភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១៤ ខែតុលាម្សិលមិញ មានគណបក្សនយោបាយចំនួន៣ ហើយបានដាក់ភ្នាក់ងារគណបក្សនយោបាយនិងត្រូវបាន គ.ជ.ប អនុញ្ញាត រួមមាន៖

*ទី១៖ គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់ងាររបស់ខ្លួនលើ២៥រាជធានី-ខេត្ត ដោយក្នុងនោះមានចំនួន១,៥៧៧ ឃុំ-សង្កាត់ លើ១,៦៤៦ ឃុំ-សង្កាត់ និងមានសមាជិក ចំនួន៤,១៦៧នាក់
*ទី២៖ គណបក្សខ្មែររួបរួមជាតិ បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ១៣រាជធានី-ខេត្ត មានចំនួន៧៨ ឃុំ-សង្កាត់ លើ១,៦៤៦ ឃុំ-សង្កាត់ មានសមាជិក ចំនួន១០៨
*ទី៣៖ គណបក្សខ្មែរស្រឡាញ់ជាតិ បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន៣ រាជធានី-ខេត្ត មានចំនួន៧ ឃុំ-សង្កាត់ លើ១,៦៤៦ ឃុំ-សង្កាត់ មានសមាជិកចំនួន១៤។

ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕