(កំពត)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងសហការីពីថ្នាក់ដឹកនាំ គណៈចលនា និងក្រុមការងារពីលេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងប្រគល់ផ្ទះជូនចាស់ជរា១ខ្នង ជាមួយនឹងការផ្តល់អំណោយជូនប្រជាពលរដ្ឋអ្នកខ្វះខាតនៅនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

អំណោយដែលយកទៅប្រគល់ជូន ប្រជាពលរដ្ឋ១៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម និងមី១កេស រួមជាមួយផ្ទះ១ខ្នង។

ក្នុងនាមគណៈចលនាសាសនិកឥស្លាម លោក រ៉ូហ្វី អូស្មាន បានលើកឡើងថា អំណោយទាំងនេះជាការចូលរួមចំណែកក្នុងការ ដោះស្រាយទុក្ខលំបាក និងកង្វល់របស់បងប្អូន ពីគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ។

លោក រ៉ូហ្វី អូស្មាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវឲ្យម្ចាស់ការ និងប្រាកដថាខ្លួនពិតជាមាន ឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឫចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឫអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលានឹងចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕