(កណ្ដាល)៖ ដេប៉ូខ្សាច់ដ៏ធំមួយរបស់ឈ្មោះ ពៅ សឹង ដែលបំពានការណែនាំរបស់អាជ្ញាធរ ក្រោយពីម្ចាស់ដេប៉ូរូបនេះ បានប្រើរថយន្តដឹកខ្សាច់បណ្តាលឲ្យជ្រុះប្រឡាក់ផ្លូវ និងបណ្តាលឲ្យខូចផ្លូវនៅក្នុងមូលដ្ឋានស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាលនោះ ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បញ្ជាឱ្យចុះចាប់ និងឈានទៅដល់ការបិទដេប៉ូខ្សាច់ជាបណ្ដោះអាសន្តសិន រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

តាមសេចក្តីរាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបានម្ចាស់ដេប៉ូ បានដឹកដឹកខ្សាច់ឆ្ពោះទៅចាក់លុបដីបុរីទួលសង្កែ ហើយករណីនេះអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជារៀងរាល់ថ្ងៃ។

ក្រោយបញ្ជាភ្លាមនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក កន សុកកាយ អភិបាលស្រុកល្វាឯម និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំកម្លាំងចម្រុះរៀងៗខ្លួនចុះចាប់ឡានដឹកដី-ខ្សាច់ បាន១៧គ្រឿង, បិទដេប៉ូខ្សាច់បណ្ដោះអាសន្ន ព្រមទាំងកោះហៅតំណាងបុរីទួលសង្កែ, ក្រុមម្ចាស់ឡាន, តំណាងដេប៉ូខ្សាច់របស់ឈ្មោះ ពៅ សឹង ទៅអប់រំ ព្រមទាំងដាក់កំណត់តាមគោលការណ៍ច្បាប់។

ដេប៉ូខ្សាច់នេះ មានទីតាំងស្ថិតឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ព្រុំប្រទល់ជាប់នឹងឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខណៈដែលដេប៉ូខ្សាច់នៅឯស្រុកខ្សាច់កណ្ដាល តែដឹកចូលទឹកដីស្រុកល្វាឯម បង្កការខូចខាតផ្លូវទាំង២ស្រុក។

ស្ថិតក្នុងអង្គប្រជុំ អភិបាលស្រុកល្វាឯម និងអភិបាលស្រុកខ្សាច់កណ្ដាល បានបន្ទោសខ្លាំងៗដល់តំណាងម្ចាស់ដេប៉ូខ្សាច់ និងក្រុមឡានទាំងអស់ ដែលមិនគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរស្រុក ដែលតែងតែអប់រំម្ដងហើយម្ដងទៀត ប៉ុន្តែនៅតែបំពានទៀត។

ក្រោយទទួលបានបញ្ជាពីថ្នាក់លើ កម្លាំងបានចុះចាប់ឡានទាំងអស់យកទៅរក្សាទុក ហើយអប់រំអ្នកបើក និងម្ចាស់ដេប៉ូ ខណៈគោលការណ៍មួយចំនួនត្រូវបានអាជ្ញាធរដាក់ឱ្យគោរពដូចខាងក្រោម៖

*ទី១៖ ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន
*ទី២៖ តម្រូវឱ្យរៀបចំជួសជុល និងសំអាតផ្លូវឱ្យបានរួចរាល់ និងរងចាំប្រជុំសម្រេចនាពេលក្រោយ។

គួរជម្រាបថា ដេប៉ូខ្សាច់របស់ឈ្មោះ ពៅ សឹង ស្ថិតនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ត្រូវបានពលរដ្ឋរិះគន់ជារៀងរាល់ថ្ងៃ និងរាប់ខែមកហើយដោយសារតែការមិនគោរពទៅតាមគោលការណ៍ច្បាប់ ពោលឡានដឹកចេញពីដេប៉ូ មានល្បឿនលឿន ដឹកជ្រុះខ្សាច់ចេញពីកង់ឡាន ចេញពីដំបូលឡាន ប្រឡាក់ប្រតាកពេញថ្នល់ បង្កការខូចខាតថ្នល់ជាតិ កើតជាជង្ហុកធំៗ ហើយពលរដ្ឋជិះរអិល ធ្លាក់ជង្ហុកដួលម៉ូតូ កង់ស្ទើរជារៀងថ្ងៃ៕