(ភ្នំពេញ)៖ គិតមកដល់ពេលនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិ ហោ ណាំហុង-បុរី ហោ បានបរិច្ចាគថវិកាដល់បុរីទារក និងកុមារជាតិ ជិត ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីលើកកម្ពស់សុខុមាលភាពកុមារកំព្រា និងកុមារពិការ។ នេះបើតាមការបញ្ជាក់របស់ស្រី ថោ ពៅ នាយិកាបុរីទារក និងកុមារជាតិ ថ្លែងប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ។

លោកស្រី ថោ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមគោរពអរគុណដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ ដែលតែងតែបរិច្ចាគថវិកា ដល់យើងខ្ញុំជាប្រចាំខែ តាំងពីខែឧសភា ឆ្នាំ២០១៩។ ហើយគិតរហូតមកដល់ឥឡូវនេះ សរុបចំនួន ២៨៥,០០០ដុល្លារអាមេរិក»

បុរីទារក និងកុមារជាតិ កំពុងចិញ្ចឹម និងមើលថែកុមារកំព្រា និងកុមារពិការ ដែលសុទ្ធសឹងជាក្រុមមនុស្សបញ្ហាអូទីសឹម (autism) ចំនួន ១៦០នាក់។ បង្កើតឡើង នៅឆ្នាំ១៩៨០ គឺឥឡូវនេះ បុរីទារក និងកុមារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ បុរីនេះ ដំណើរការទៅបាន អាស្រ័យដោយមានជំនួយពីរាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជនជាដើម។

ដោយយកគំរូតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តែងតែធ្វើការងារមនុស្សធម៌ជាប់ជានិច្ច។ ជាក់ស្តែង ការជួយដល់បុរីទាក និងកុមារជាតិ បានកើតចេញពីក្តីអាណិតអាសូរ និងទឹកចិត្តសប្បុរស ដែលលោកបានរៀនសូត្រតាមសម្តេចតេជោនាយករដ្ឋមន្ត្រី។

ពេលការី Fresh News ចុះទៅសម្ភាស, គឺយើងលឺពាក្យថា «សូមអរគុណលោកតាៗ» ដែលជាសូរសព្ទ បន្លឺឡើងដោយបណ្តាកុមារកំព្រា និងកុមារពិការ ដែលរស់នៅក្រោមដំបូលបុរីទារក និងកុមារជាតិ ចង់សម្តៅដល់ព្រឹទ្ធបុរស ហោ ណាំហុង។ មូលហេតុ ដែលពួកគេថ្លែងអំណរគុណដល់លោកតា ដោយសារតែលោកតា បាននិងកំពុងជួយបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់គាត់ជាប្រចាំ ដើម្បីទំនុកបម្រុងក្រុមអ្នកដែលមានវាសនាអភ័ព្វដូចពួកគេបែបនេះ។

នៅក្នុងបុរីទារក និងកុមារជាតិ គេសង្កេតឃើញកុមារជាច្រើនប្រភេទ ដែលមានខ្លះគ ខ្លះថ្លង់ ខ្លះពិការ និងខ្លះទៀតខំប្រឹងនិយាយក្នុងដើមក ទោះលឺមិនច្បាស់ក្តីក៏ខំនិយាយ គួរឲ្យអាណិតអាសូរជាពន់ពេក។ ចំណែកឯកុមារខ្លះទៀត បានត្រឹមតែអង្គុយញញឹមដាក់ភ្ញៀវលើកៅអីជំនួយ ដែលសម្តែងអាការៈចង់ហាមាត់និយាយពាក្យជាច្រើន ដែលពួកគេមិនអាចបន្លឺជាសំឡេងចេញមកបាន ខណៈដែលកុមារខ្លះទៀត អង្គុយផ្កាប់មុខជាប់នឹងតុដោយអាចមិនកម្រើកអ្វីបានសោះ ស្របពេលដែលកុមារខ្លះទៀត ត្រូវសរសៃទាញប្រព័ន្ធប្រសាទ ធ្វើឲ្យវិលក្បាលសឹងមិនឈប់ដូចកន្តេះឡង់។

បើតាមលោកស្រី ថោ ពៅ បានបន្ថែមថា៖ «កុមារដែលមានបញ្ហាអូទីសឹម (autism) ត្រូវការមនុស្សនៅក្បែរ ២៤ម៉ោង លើ២៤ម៉ោង ហេតុនេះហើយដើម្បីលើកកម្ពស់សុខុមាលភាពពួកគេ គឺបុរីទារក និងកុមារ បានដាក់បុគ្គលិក ចំនួន ៨៧នាក់ ដើម្បីមើលថែក្រុមមនុស្សកំព្រា និងពិការ ក៏ដូចជាផ្ទុកមេរោគអេដស៍ សរុប ១៦០នាក់ នាពេលបច្ចុប្បន្ននេះ»

ដោយសារតែទទួលរ៉ាប់រងចិញ្ចឹមក្រុមមនុស្សមានបញ្ហាអូទីសឹម និងក្រុមមនុស្សដែលមានបញ្ហាកាយសម្បទាជាច្រើនផងនោះ បុរីទារក និងកុមារ មានការលំបាកយ៉ាងខ្លាំង ជាពិសេសថែទាំពួកគាត់។ ទោះជាយ៉ាងនេះក្តី បុរីនេះ រៀបចំការមើលថែទាំពួកគេបានយ៉ាងល្អបំផុត។ មើលថែបានល្អ ព្រោះទីតាំងនេះអាចបង្កើតថ្នាក់បំពេញវិជ្ជាសម្រាប់អ្នកដែលអាចរៀនបាន ដូចជាថ្នាក់សិប្បកម្ម និងថ្នាក់អប់រំពិសេស ក៏ដូចជាបណ្ណាល័យជាដើម។ បន្ថែមលើនេះ បុរីទារក និងកុមារជាតិ បង្កើតឲ្យមានកន្លែងកម្សាន្តជាច្រើន កន្លែងម៉ាស្សា និងកន្លែងមើលទូរទស្សន៍ទៀតផង។

បុរីទារក និងកុមារជាតិ អាចបើកដំណើរការទៅបាន ដោយសារតែជំនួយពីរាជរដ្ឋាភិបាល និងសប្បុរសជន ក៏ដូចជាពីឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាប្រធានមូលនិធិ ហោ ណាំហុង-បុរីហោ ជាដើម។ ជាពិសេសនោះ ជំនួយមនុស្សធម៌របស់លោកតាចិត្តល្អ បានជួយឲ្យកុមារកំព្រា និងពិការ ដែលរស់នៅក្នុងបុរីទារក និងកុមារជាតិ មានជីវិតប្រសើរ។ ជីវិតប្រសើរនោះ អាចត្រូវបានបង្ហាញតាមរយៈក្រសែភ្នែក និងទឹកមុខដ៏រីករាយរបស់ពួកគេ ពេលភ្ញៀវចុះទៅទស្សនា។

បុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណចំពោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាអតីតប្រមុខការទូតកម្ពុជាមួយរូប ដ៏មានទេព្យកោសល។ «អរគុណ ដល់លោកតា ព្រោះលោកតាបានយកចិត្តទុកដាក់ចំពោះក្រុមមនុស្សលំបាក! អរគុណ ដែលលោកតាអាចជួយពួកគេ មានអាហារឆ្ងាញ់ៗ! អរគុណ ដែលលោកតា អាចជួយពួកគេរស់នៅដោយក្តីសប្បាយរីករាយ ទោះជារស់នៅទាំងខ្វះខាតកាយសម្បទាក៏ដោយ»

បុរីទារក និងកុមារជាតិ បានចាត់ទុកថា ជំនួយមនុស្សធម៌របស់មូលនិធិ ហោ ណាំហុង-បុរី ហោ គឺជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់កុមារ ឲ្យកាន់តែមានប្រសិទ្ធភាព៕