(កំពត)៖ លោក រ៉ូហ្វី អូស្មាន តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ ពីគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានបន្តសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋអ្នកខ្វះខាតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

អំណោយដែលយកទៅប្រគល់ជូន ប្រជាពលរដ្ឋ១២៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម និងមី១កេស រួមទាំងថវិការបស់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ចំនួន២,៤០០ដុល្លារ ជូនព្រះវិហារឥស្លាមភូមិថ្មី ក្រុងកែប សរុបទាំងអស់ ៤,៥៨៧ដុល្លារ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានផ្ដល់នូវ ដំណាប់ល្មើ១៧០គីឡូក្រាប និងគម្ពីរអាល់គួរអានមួយចំនួនផងដែរ។

ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានស្វាគមន៍ និងថ្លែងអំណរគុណគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់សាកសួរទុក្ខដល់ប្រជាពលរដ្ឋរបស់គាត់ ក្នុងខេត្តកែប។

ក្នុងនាមគណៈចលនាសាសនិកឥស្លាម លោក រ៉ូហ្វី អូស្មាន បានលើកឡើងថា អំណោយទាំងនេះជាការចូលរួមចំណែកក្នុងការ ដោះស្រាយទុក្ខលំបាក និងកង្វល់របស់បងប្អូន ពីគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូន។

លោក រ៉ូហ្វី អូស្មាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវឲ្យម្ចាស់ការ និងប្រាកដថា ខ្លួនពិតជាមានឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឬចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលាបានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕