(ភ្នំពេញ)៖ ផ្លូវលេខ៥៣៨ កែងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលរងការខូចខាតមួយអន្លើ (កើតជាសំបុកមាន់) បើគិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ត្រូវបានធ្វើការជួសជុលឡើងវិញជាបណ្ដើរៗហើយ សម្រាប់បម្រើការធ្វើដំណើរចេញ-ចូលប្រកបរបររកស៉ីទទួលទានរបស់ប្រជាពលរដ្ឋ ពីកម្លាំងសណ្ដាប់ធ្នាប់ និងការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថានខណ្ឌ ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ជា ពិសី បានលើកឡើងថា ការនាំយកសម្ភារសំណង់មានថ្មគ្រោះ ខ្សាច់ និងស៉ីម៉ង់តិ៍ មកចាក់បេតុងក្រាលជួសជុលផ្លូវលប់បំបាត់ជង្គុកតូចធំ (សំបុកមាន់) គឺត្រូវបានធ្វើឡើង និងដោះស្រាយជាជំហានៗ និងបន្តធ្វើឥតឈប់ឈរឡើយ និងបន្តជួសជុលឱ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ ក៏ត្រូវតែធ្វើទៅតាមលទ្ធភាព ព្រោះជាសេវាតម្រូវការចាំបាច់ ក្រោយពីចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថា មានជង្ហុគតូច-ធំ កើតមានជា (សំបុកមាន់) ដែលពិបាកក្នុងការធ្វើដំណើរចេញ-ចូល ប្រកបរបររកស៉ីទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមបង្ការនូវគ្រោះថ្នាក់ចរាចរណ៍ និងអាចរួមចំណែកកាត់បន្ថយលើការចំណាយ ថវិការបស់ជាតិ។

អភិបាលខណ្ឌទួលគោក បានលើកឡើងទៀតថា ការសម្រេចធ្វើការជួសជុលផ្លូវទាំងឡាយ ដែលរងការខូចខាតនូវមួយអន្លើ ជាបន្តបន្ទាប់នេះ, ក្នុងនាមអាជ្ញាធរ ក្រៅពីរួមចំណែកបង្កាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ គឺបង្កាកុំឲ្យខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរជាងនេះ ក៏ដូចជារួមចំណែកកាត់បន្ថយលើការចំណាយថវិការបស់ជាតិ ដើម្បីឱ្យស្របតាមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីមិនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»