(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានសហការគ្នាបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តាយផ្លូវហាយវ៉េ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សកម្មភាពនេះមានការចូលរួមពីលោក យ៉ាន់ ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា មន្ត្រីរាជការនៃមន្ទីរសាធារណការខេត្ត និងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងផងដែរ។

យុទ្ធនាការផ្សព្វផ្សាយនេះ គឺដើម្បីជួយផ្សព្វផ្សាយដល់សាធារណជនទូទៅដែលធ្វើដំណើរតាមដងផ្លូវ ឲ្យបានយល់ដឹងកាន់តែល្អប្រសើរពីច្បាប់ចរាចរណ៍ផ្លូវគោក ស្គាល់ផ្លាកសញ្ញាចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបត់ ឬវ៉ាជែងក្នុងស្ថានភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច និងប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។

នាឱកាសនោះ លោក យ៉ាន់ ឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ និងចូលរួមកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ ពិសេសបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែសជាដើម ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។

ជាមួយគ្នានេះ ក្រុមការងារខាងលើក៏បានចូលរួមផ្សព្វផ្សាយបញ្រ្ជាបនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយចងផ្ទាំងរូបភាព ចែកខិត្តប័ណ្ណ៣ការពារ៣កុំ និងចែកម៉ាស់ផងដែរ។

ក្នុងការងារផ្សព្វផ្សាយនេះ ក្រុមការងារបានចែកម៉ាស់ក្រណាត់ចំនួន ៥៥០ម៉ាស់ ចែកខិតប័ណ្ណកូវីដ៨ផ្នត់ចំនួន ៣៥០សន្លឹក ចំណាំងផ្លាតចំនួន ២០០សន្លឹក ឯកសារផ្សព្វផ្សាយចរាចរណ៍ផ្លូវគោកមួយចំនួន មានសៀវភៅច្បាប់ចរាចណ៍ កូនសៀបភៅអប់រំមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចណ៍ ខិតប័ណ្ណរបៀបពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវចំនួនមួយចំនួនទៀតផងដែរ៕