(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់នៅក្រុងពោធិ៍សាត់បានហក់ឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ គឺឡើងដល់កម្ពស់៤.៧២ម៉ែត្រហើយ ហើយក៏ជិតដល់កម្រិតប្រកាសអាសន្នផងដែរ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ)។ នេះបើតាមការបញ្ជាក់របស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់។

ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់បច្ចុប្បន្នមានកម្ពស់ ៤.៧២ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ) រីឯស្ទឹងក្រវាញមានកម្ពស់ ៣.១៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែងមានកម្ពស់ ២.១៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។

លោក កែវ វ័យ បានបន្តថា គិតត្រឹមវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ ទឹកស្ទឹងចាប់ផ្តើមស្រកចុះ ០.២៦ម៉ែត្រ បើធៀបនឹងព្រឹកព្រលឹម។ ដោយឡែក នៅក្រុងពោធិ៍សាត់ ទឹកស្ទឹងនឹងបន្តឡើង ០.៣៤ម៉ែត្រ បើធៀបនឹងព្រឹកព្រលឹម។ ប្រសិនបើមិនមានភ្លៀងបន្ថែម នៅផ្នែកខាងលើនៃស្រុកវាលវែង និងស្រុកភ្នំក្រវាញទេនោះ ទឹកស្ទឹងពោធិ៍សាត់នឹងស្រកវិញក្នុងពេល៦ម៉ោងក្រោយ។

លោកប្រធានមន្ទីរបានបន្ថែមថា បើសិនស្ថិតក្នុងស្ថានភាពណាមួយតម្រូវឱ្យប្រកាសអាសន្ន ក្នុងនាមមន្ទីរជំនាញ លោកនឹងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំទុកដាក់កូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕