(ភ្នំពេញ)៖ ការនាំចេញផលិផលកាត់ដេរ ក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមងើបឡើងវិញ ដោយរយៈពេល៩ខែ ឆ្នាំ២០២១នេះ បាននាំចេញជាទឹកប្រាក់ជាង៨ពាន់លានដុល្លារ កើន១១.៤%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «ការនាំចេញសម្រាប់ផលិផលកាត់ដេរ មានចំនួន៨,២៤១.៧ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ៨៤៣.៤ លានដុល្លារអាមេរិក ឬស្មើនឹង ១១.៤% ធៀបនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២០»។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នាពេលកន្លងទៅថ្មីៗ ក៏បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងផងដែរថា ស្ថានភាពនៃការបញ្ជាទិញផលិផលកាត់ដេរ ក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរ។

អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានកត់សម្គាល់ថា រយៈពេលចុងក្រោយនេះ ការបញ្ជាទិញសម្លៀកបំពាក់ មានស្ថានភាពល្អប្រសើរ ដែលជំរុញដល់កំណើននាំចេញសម្លៀកបំពាក់ នៅឆ្នាំនេះ។

នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អ្នកបញ្ជាទិញចាប់ផ្តើមសម្រុកទិញសម្លៀកបំពាក់ពីកម្ពុជា ធ្វើឲ្យរោងចក្រចំនួន៤ ធ្លាប់ផលិតម៉ាស ងាកមកផលិតសម្លៀកបំពាក់វិញ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា ចាប់ផ្តើមកើនឡើងខ្លាំង ដោយសារតែប្រទេសមួយចំនួន ដូចប្រទេសប្រស៊ីល បង់ក្លាដេស និងប្រទេសមីយ៉ាន់ម៉ាជាដើម គ្មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបាន ដែលធ្វើអ្នកបញ្ជាទិញ សម្រុកមកបញ្ជាទិញពីកម្ពុជាវិញ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា អ្នកវិនិយោគទុន និងអ្នកបញ្ជាទិញទីផ្សារជាច្រើន កំពុងតែសម្លឹងឃើញកម្ពុជា ដែលងាកមករកទីផ្សារកម្ពុជាកាន់តែខ្លាំង ដែលធ្វើឲ្យអ្នកវិនិយោគ នឹងបន្ដកើនឡើងនៅឆ្នាំក្រោយ។

ការកើនឡើងគម្រោងវិនិយោគ ត្រូវបានឧកញ៉ា លឹម ហេង អះអាងថា ដោយសារតែកម្ពុជា មានស្ថេរភាពនយោបាយល្អ ទន្ទឹមពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក៏ដូចជាច្បាប់វិនិយោគថ្មី នឹងត្រូវដាក់ឲ្យអនុវត្ដ។ លើសពីនោះទៀត កម្ពុជាកំពុងតែមានភាពអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសអង់គ្លេស និង EBA ពីសហគមន៍អ៊ឺរ៉ុប ផងដែរ។

គូសបញ្ជាក់ថា កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសដែលគ្រប់គ្រងការរីកដាលនៃជំងឺកូវីដ១៩ បានល្អប្រសើរទាំងក្នុងតំបន់ និងពិភពលោក តាមរយៈការដាក់ចេញ នូវវិធានការចាំបាច់នានា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕