(កំពត)៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ លោក ម៉ាត់ សេត សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពត ដែលជាប្រធានសម្ព័ន្ធយុវជនមុស្លិកម្ពុជាខេត្តកំពត និងលោក លី សារី សមាជិកព្រឹទ្ធសភា បានជួបសំណេះសំណាល លើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំជាប្រធាន អនុប្រធាន សម្ព័ន្ធយុវជនមុស្លិកម្ពុជាខេត្តកំពត ក្រុងស្រុកនៃខេត្តកំពត ដើម្បីយកទៅអនុវត្តបន្តក្នុងសកម្មភាពរបស់ខ្លួនបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ម៉ាត់ សេត និងលោក លី សារី បានស្តាប់នូវមតិចូលរួម ការសំណូមពរ និងបញ្ហាប្រឈមមួយចំនួនដើម្បីចូលរួមដោះស្រាយផងដែរ។

សូមជម្រាបថា សម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដែលមានលោក ណាសៀត អូស្មាន ជាប្រធាន និងមានគណៈកម្មការប្រតិបត្តិគ្រប់រាជធានី-ខេត្ត។

ដោយឡែក សម្ព័ន្ធយុវជនមុស្លិកម្ពុជាខេត្តកំពត មានរចនាសម្ព័ន្ធគ្រប់គ្រងថ្នាក់ខេត្ត ក្រុងស្រុក និងមានសមាជិកសមាជិការជិត៦០០នាក់ (ចែកជា២ផ្នែក គឺយុវជនសកម្ម និងយុវជនគាំទ្រ) និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ថ្នាក់ដឹកនាំ របស់រដ្ឋបាលខេត្ត ការងារផ្សេងៗ រួមមាន កិច្ចការមនុស្សធម៌ អប់រំ បណ្តុះបណ្តាល សាសនា កីឡា សុខភាពសាធារណៈ ជនពិការ បរិស្ថាន ទេសចរណ៍ អភិវឌ្ឍន៍មូលដ្ឋាន ទំនាក់ទំនងអន្តរជាតិ ពលរដ្ឋល្អ និងបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាអង្គការសមាគម សប្បុរសជនជាតិ អន្តរជាតិ នានាទាំងក្នុងតំបន់និងពិភពលោក។

ចំពោះសមិទ្ធផលសំខាន់ៗ ដែលសម្ព័ន្ធយុវជនមុស្លិកម្ពុជាខេត្តកំពត សម្រេចបានក្នុងការចូលរួមជួយសង្គមជាតិ ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន តាមគោលការណ៍ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមមាន៖ សាលារៀន អណ្តូងទឹកស្អាត អំពូលសូឡាបំភ្លឺផ្លូវសាធារណៈ អភិវឌ្ឍន៍ផ្លូវក្នុងសហគមន៍ រទេះជនពិការ កន្លែងលាងដៃ វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ភាសាបរទេស ទិញដីជូនសហគមន៍ ធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ផ្តល់ជំនួយមនុស្សធម៌ ផ្តល់អាហារូបករណ៍ដល់និស្សិតក្នុងនិងក្រៅប្រទេស យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យុទ្ធនាការពលរដ្ឋល្អ៕