(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានបើកវគ្គបណ្តុះបណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពី «កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស» នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោមវត្តមានលោក ញុឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងតំណាងលោករដ្ឋមន្រ្តី វង សូត។

នៅក្នុងឱកាសនោះតាងនាមឯកឧត្តម វង សូត រដ្ឋមន្រ្តី លោក ញុឹក វណ្ណារ៉ា បានលើកឡើងថា អំពើជួញដូរមនុស្ស បាន និងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំ ចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោ បាយយុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ដោយឡែក ក្រសួង ស.អ.យ ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការ ផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ច ការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ច សហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។ ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏ការការពារជនរងគ្រោះដោយអំពើជួញដូរ មនុស្សនៅមិនទាន់បានឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេស ការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅ មានកម្រិតនៅឡើយ។

បន្ទាប់ពីក្រសួងបានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិរបស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាច្រើនវគ្គ សម្រាប់អនុវត្តទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ សំដៅពង្រឹងសមត្ថភាពជំនាញរបស់មន្រ្តីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍ ក្នុងការការពារ និងគាំទ្រដល់ជនរងគ្រោះ ប្រកបដោយសុវត្ថិភាព និងជាពិសេស ធានាបាននូវសិទ្ធិជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានសិទ្ធិអំណាច និងមានលទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ ដោយជោគជ័យជាស្ថាពរ ទទួលបានការឧបត្ថម្ភទាំងផ្នែកសម្ភារ និងស្មារតី ពិសេស សេវាសុខភាព សេវាអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពីភាពរងគ្រោះសាជាថ្មី និងការរើសអើង។

វគ្គបណ្តុះបណ្តាល «គោលនយោបាយ និងបទដ្ឋានអប្បបរមា» ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវបានរៀបចំឡើង ២លើក មានចំនួន៤វគ្គ នៅក្នុងស្រុកកំពង់រោទិ៍ ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់អ្នកផ្តល់សេវាថ្នាក់មូលដ្ឋាន ដែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការជួយជនរងគ្រោះឲ្យទាន់ពេលវេលានៅក្នុងភូមិខ្លួនរបស់ខ្លួន។

គោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាឯកសារគន្លឹះសម្រាប់ចង្អុលបង្ហាញដល់អ្នកផ្តល់សេវាយកទៅអនុវត្តន៍ ហើយខ្ញុំនឹងសង្ឃឹម និងជឿជាក់ថា លោក លោកស្រី ដែលបានចូលរួមនៅថ្ងៃនេះនឹងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ កម្លាំងចិត្តពិភាក្សា និងយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញពីអ្នកសម្របសម្រួល ព្រមទាំងចូលរួមឲ្យបានពេញលេញក្នុងរយៈពេល៣ថ្ងៃនេះ ដើម្បីពង្រឹងនូវកិច្ចការពារសិទ្ធិ និងការគាំទ្រដល់ជនរងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបម្រើឧត្តមប្រយោជន៍ដល់ជនរងគ្រោះរបស់យើង។

លោករដ្ឋលេខាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គម្រោងអាស៊ានអូស្រ្តាលីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលបានឧបត្ថម្ភគាំទ្របច្ចេកទេស និងថវិកា ព្រមទាំងកិច្ចសហការយ៉ាងល្អជាមួយក្រសួង ស.អ.យ ក្នុងដំណើរការរៀបចំសិក្ខាសាលានាថ្ងៃនេះទ្បើង និងសូមថ្លែងអំណរគុណផងដែរដល់ក្រុមការងាររបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្ម នៃក្រសួងស.អ.យ ដែលបំពេញការងារយ៉ាងសកម្ម និងកិច្ចសហការជាមួយដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះទៅបានរលូន និងសូមថ្លែងអំណរគុណ លោក លោកស្រី នាង កញ្ញា ទាំងអស់ដែលមានវត្តមាននៅទីនេះ៕