(បន្ទាយមានជ័យ)៖ ដោយសារតែមានភ្លៀងធ្លាក់ធំជាប់ៗគ្នា៣ថ្ងៃ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលិចលង់ក្នុងនោះមាននៅភូមិសុខសាន្ត សង្កាត់ផ្សារកណ្តាល អាជ្ញាធរក្រុងដឹកនាំក្រុមការងារ និងកងកម្លាំងទាំង៣ ក្នុងមានកម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងទាហាន ចុះត្រួតពិនិត្យពីស្ថានភាពទឹក និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងកងកម្លាំងចុះត្រួតពិនិត្យស្ថាភាពទឹកជំនន់ទឹកភ្លៀង និងបានយកម៉ៃខូកាយបង្ហូរទឹកដែលលិចផ្ទះប្រជាពលរដ្ឋឱ្យចុះទៅក្រោមកុំឱ្យលិចផ្ទះប្រជាពលរដ្ឋបន្តទៀត។

លោក គាត ហ៊ុល បានបញ្ជាក់ថា «ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងនោះមានលិចផ្ទះសម្បែងជាច្រើនគ្រួសារត្រូវបានសមត្ថកិច្ចទាំង៣ មានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងនគរបាល និងកម្លាំងយោធាបានជួយជន្លៀស ទៅរស់នៅទីទួលសុវត្ថិភាពទាំងអស់ថែមទាំងចែកស្បៀងបរិភោគឱ្យបានគ្រប់ៗគ្នាទៀតផង»

ក្នុងឱកាសនោះដែរ លោកអភិបាលក្រុង បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានការសង្ស័យថា កន្លែងរបស់ខ្លួនកំពុងរស់នៅប្រឈមគ្រោះថ្នាក់ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីឱ្យក្រុមសង្គ្រោះបានចុះជួយជម្លៀសរកទីទួលមានសុវត្ថិភាពបានទាន់ពេលវេលា។

លោក គាត ហ៊ុល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពពីគ្រោះថ្នាក់ជាយថាហេតុត្រូវ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ នៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត ជាដើម៕