(តាកែវ)៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានដឹកនាំមន្រ្តីជំនាញចុះមកត្រួតពិនិត្យមើលគម្រោងវិនិយោគសាងសង់ផ្សារណាត់ ដែលជាផ្សារវ័យចំណាស់មួយនៅកណ្ដាលក្រុងដូនកែវ ក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ ហើយរហូតមកដល់ពេលនេះ ដំណើការសាងសង់សម្រេចបានលទ្ធផលប្រហែលជាង៤០ភាគរយហើយ។

លោកអភិបាលក្រុងដូនកែវ បានសំដែងក្ដីរំពឹងថា ដំណើរការសាងសង់ផ្សារណាត់នេះ នឹងសាងសង់រួចទៅតាមផែនការដែលបានគ្រោងទុក ហើយសំណង់នេះនឹងរឹងមាំត្រឹមត្រូវទៅតាមស្តង់ដា ព្រោះអាជ្ញាធក្រុង បានបង្កើតក្រុមការងារចុះត្រួតពិនិត្យការសាសងសង់ជាប់ជាប្រចាំ។

លោកគូសបញ្ជាក់ថា៖ «បើទោះបីជាខេត្តយើងកំពុងតែជួបប្រទះការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយក៏ម្ចាស់វិនិយោគបានបន្តសាងសង់ផ្សារណាត់នេះបានជាង៤០ភាគរយហើយ ដែលដំណើរការសាសងសង់នេះ គឺស្របទៅនឹងផែនការដែលម្ចាស់វិនិយោគបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ»
ជាមួយគ្នានេះលោកស្រី អ៊ួង គឹមហេង ជាអាជីវករផ្សារណាត់ បានសំដែងក្ដីសប្បាយរីករាយយ៉ាងខ្លាំងនៅពេលមានអ្នកវិនិយោគ បានធ្វើការវិនិយោគសាងសង់ផ្សារថ្មីជូនដល់អាជីវករ ពីព្រោះពីមុនមកផ្សារណាត់នេះជាផ្សារមួយចាស់ មានសភាពទ្រុឌទ្រោម ដាក់ឆត្របាំងនៅពេលមានភ្លៀងធ្លាក់មកពិបាកក្នុងការលក់ដូរ ម្យ៉ាងទៀតតូបផ្សាររបស់អាជីវករនៅមិនទាន់មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់បានត្រឹមត្រូវនៅឡើយទេ តែឥឡូវនេះ អ្នកវិនិយោគផ្សារណាត់ថ្មីនេះ បានធ្វើការរៀបចំវាស់វែងប្លង់តូបជូនអាជីវករទៅតាមទំហ៊ុដែលអាជីវករមាន និងថែមទាំងចេញនៅលិខិតបញ្ជាក់សម្គាល់សិទ្ធិបានពេញលេញថែមទៀត នេះគឺជាចំណុចមួយធ្វើឱ្យអាជីវករមានការជឿជាក់ និងគាំទ្រទៅលើអ្នកវិនិយោគផ្សារថ្មីនេះ។

អាជីវករបានបញ្ជាក់ថា លោកស្រី ប្រាក់ ចាន់រដ្ឋា ជាម្ចាស់គម្រោងវិនិយោគផ្សារណាត់ ដែលត្រូវបានអាជីវករ និងមហាជនជាច្រើនទទួលស្គាល់ថា បានដោះស្រាយបញ្ហាបានយ៉ាងល្អនៅពេលគាត់វិនិយោគផ្សារចំបក់ នៅស្រុកបាទី ដែលយល់ពីទុក្ខលំបាករបស់អាជីវករ ដោយពេលកន្លងមកគាត់បានលើកលែងការយកភាស៊ីពីអាជីវករផ្សារចំបក់រយៈពេលពីរឆ្នាំ។

នៅក្នុងឱកាសនោះ លោកស្រី ប្រាក់ ចាន់រដ្ឋា បានថ្លែងថា ចំពោះផ្សារណាត់នេះវិញ គាត់បានបំពេញកាតព្វកិច្ចបានកាន់តែល្អ មិនធ្វើឱ្យអាជីវករក៏ដូចជាអ្នកពាក់ព័ន្ធនានាមានការលំបាក និងបាត់ទំនុកចិត្តឡើយ ដោយក្នុងកំឡុងពេលសាងសង់ផ្សារណាត់ថ្មីនេះ គឺលោកស្រីបានរៀបចំ និងជួលទីតាំងថ្មីសម្រាប់អាជីវកលក់ដូរ ជាបណ្តោះអាសន្នបានសមរម្យបំផុត និងថែមទាំងរ៉ាប់រងចេញថ្លៃទឹក ថ្លៃភ្លើង ជូនអាជីវករប្រើប្រាស់ដោយមិនគិតថវិកាឡើយក្នុងរយៈពេលនៃការសាងសង់ផ្សារ ១ឆ្នាំកន្លះនេះ។

លោកស្រីបានបញ្ជាក់ថា៖ «បច្ចុប្បន្នដំណើការសាងសង់ផ្សារណាត់កំពុងតែបន្តសកម្មភាពយ៉ាងសកម្មដោយមិនមានការបញ្ឈប់នោះទេបើទោះបីជាមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ហើយផ្សារនេះអាចនឹងសាងសង់រួចរាល់មុនផែនការកំណត់ ពោលផ្សារនេះ និងសាងសង់រួចរាល់នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខ»