(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាដែនសមត្ថកិច្ចទទួលភារកិច្ចចាក់ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ។

ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ទទួលភារកិច្ចចាក់ដូសជំរុញនៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។

នៅព្រឹកមិញនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើដំណើរចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅក្នុងខណ្ឌមានជ័យ និងនៅតាមរោងចក្រចំនួនពីរស្ថិតក្នុងខណ្ឌដង្កោ និងកំប៉ូល។ ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឆ្លៀតជួបជាមួយប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ហើយបានជម្រាបពួកគេពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការស្វះស្វែងរកវ៉ាក់សាំង ដើម្បីមកចាក់ជូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបន្តក្រើនរំលឹក និងណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ឱ្យបន្តប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងដូសជំរុញឱ្យសម្រេចបានតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

បន្ទាប់ពីបានធ្វើដំណើរពិនិត្យទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែងហើយនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឆ្លៀតផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មាន ដើម្បីបង្ហាញពីបច្ចុប្បន្នភាពនៃការចាក់វ៉ាក់សាំងដូសជំរុញនៅក្នុងរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ដំណើរការចាក់ដូសជំរុញនេះ កំពុងដំណើរការទៅក្នុងស្ថានភាពមួយល្អប្រសើរមិនសូវជាមានឧបសគ្គអ្វីនោះឡើយ។ បន្ថែមពីលើនោះប្រជាពលរដ្ឋសុទ្ធតែបានជ្រួតជ្រាបពីគុណតម្លៃវ៉ាក់សាំង និងបាននាំគ្នាមកចាក់វ៉ាក់សាំងយ៉ាងសស្រាក់សស្រាំ។

អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះរូបនេះ បានឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបានចំនួនសរុប ៣១៦,៣៦០នាក់ ក្នុងនោះមានស្រ្តី ១៨០,២១៨នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកោតសរសើរដល់ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់សម្តេចតេជោ ក៏ដូចជាសម្តេចពិជ័យសេនា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅតែបន្តអំពាវនាវប្រជាពលរដ្ឋទោះបីរវល់អ្វីក៏ដោយ ត្រូវតែឆ្លៀតទៅចាក់ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបានកងការពារសុខភាពកាន់តែប្រសើរពីមេរោគកូវីដ១៩។

សូមបញ្ជាក់ដែរថា សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយកងទ័ពនេះ គឺកងទ័ពចាក់តែពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២មក រយៈពេលយ៉ាងតិចបំផុត ៤ខែ។

ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១ គឺបណ្ណចាក់វ៉ាក់សាំង, បើមិនទាន់បានបណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី១ និងទី២។

ក្នុងនោះបើប្រជាពលរដ្ឋបាត់បណ្ណ ឬបាត់លិខិតទម្រង់ចាក់វ៉ាក់សាំង គឺអាចរាយការណ៍ជូនក្រុមការងារផ្ទាល់នៅទីនោះ ហើយក្រុមការងារនឹងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធ។ បើរកឃើញមានព័ត៌មាននៅក្នុងប្រព័ន្ធ គឺក្រុមការងារនឹងចាក់វ៉ាក់សាំងដូសទី៣ជូន និងរៀបចំធ្វើបណ្ណជូនឡើងវិញផងដែរ៕