(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុននានា ជាពិសេសម្ចាស់ការដ្ឋានសំណង់ផ្តល់ការអនុគ្រោះ និងផ្តល់ឱកាសឱ្យបុគ្គលិក និងកម្មករ និយោជិតរបស់ខ្លួន បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ។

ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញនៅភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញកំពុងដំណើរការល្អ ហើយក៏មានប្រជាពលរដ្ឋចូលរួមចាក់យ៉ាងសស្រាក់សស្រាំផងដែរ។

បើទោះបីជាយ៉ាងណាលោកក៏បានកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋមួយចំនួនបានឆ្លៀតមកចាក់ទាំងប្រញាប់ប្រញាល ដើម្បីបានត្រឡប់ទៅបំពេញការងាររបស់ពួកគេវិញ។ លោក ឥត សារ៉ាត់ ក៏បានកត់សម្គាល់ឃើញដែរថា កម្មករបម្រើការងារនៅតាមការដ្ឋានសំណង់នានា ហាក់ពិបាកក្នុងការទៅចាក់វ៉ាក់សាំង ដោយសារបញ្ហាការងារនៅការដ្ឋានសំណង់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំមើលឃើញកម្មករសំណង់ ហាក់បីដូចជាតឹងតែង ហើយមិនសូវអនុញ្ញាតឱ្យគាត់មកចាក់ទេ។ អ៊ីចឹងសូមឱ្យកម្មករសំណង់ ឬប្រធានការដ្ឋានសំណង់ផ្សេងៗហ្នឹង បង្កលក្ខណៈឱ្យគាត់ ឬជ្រើសរើសពេលណាមួយឱ្យគាត់មកចាក់វាមិនខាតពេលប៉ុន្មានទេ»

ជាមួយនឹងការមើលឃើញបញ្ហានេះ និងដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងដូសជំរុញទទួលបានជោគជ័យនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់ម្ចាស់ការដ្ឋានសំណង់ ក៏ដូចជាម្ចាស់ក្រុមហ៊ុននានា ជួយផ្តល់កិច្ចសម្របសម្រួល និងផ្តល់ការអនុគ្រោះឱ្យកម្មករ និយោជិត ឬបុគ្គលិករបស់ខ្លួនបានទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

«ការជួយនេះ ជាការជួយដល់ការដ្ឋានសំណង់របស់យើងផង ជួយដល់សង្គមរបស់យើងផង។ ពេលគាត់អត់ឆ្លងអត់អីទៅ គឺជាការរួមចំណែកមួយជួយការពារជំងឺកូវីដ១៩»។ នេះជាការអំពាវនាវរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

សូមបញ្ជាក់ថា ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ទទួលភារកិច្ចចាក់ដូសជំរុញនៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។

គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបានចំនួនសរុប ៣១៦,៣៦០នាក់ ក្នុងនោះមានស្រ្តី ១៨០,២១៨នាក់។

សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយកងទ័ពនេះ គឺកងទ័ពចាក់តែពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២មក រយៈពេលយ៉ាងតិចបំផុត ៤ខែ។

ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១ គឺបណ្ណចាក់វ៉ាក់សាំង, បើមិនទាន់បានបណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី១ និងទី២។

ក្នុងនោះបើប្រជាពលរដ្ឋបាត់បណ្ណ ឬបាត់លិខិតទម្រង់ចាក់វ៉ាក់សាំង គឺអាចរាយការណ៍ជូនក្រុមការងារផ្ទាល់នៅទីនោះ ហើយក្រុមការងារនឹងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធ។ បើរកឃើញមានព័ត៌មាននៅក្នុងប្រព័ន្ធ គឺក្រុមការងារនឹងចាក់វ៉ាក់សាំងដូសទី៣ជូន និងរៀបចំធ្វើបណ្ណជូនឡើងវិញផងដែរ៕