(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេច បន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ត្រូវបានអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធិភាព នៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះទៀត រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា ក្នុងរយៈពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នត្រូវបានហាមឃាត់ ដូចខាងក្រោម៖

*ទី១៖ ការធ្វើសកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្តូតែក បៀហ្គាឌិន អាជីវកម្មម៉ាស្សា ស្ទីមសូណា រោងភាពយន្ត រោងសម្តែងសិល្បៈ និងសកម្មភាពអាជីវកម្មដែលនឹងបង្ករឲ្យមានស្ថានភាពប្រឈមដែលកំណត់ដោយអាជ្ញាធរ អនុលោមតាមការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-២៩។
*ចំពោះរាល់សកម្មភាពមុខរបរនិងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលអោយបានមឺុងម៉ាត់ ជាអាទ៍ការរៀបចំ ជែល អាល់កុលបាញ់សម្លាប់មេរោគ ការវាស់កម្តៅ ការប្រើប្រាស់ប្រព័ន្ធQR.Code ទប់ស្កាត់កូវីដ១៩ (Stop covid) និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣កុំ និង៣ការពារ»។

*ទី២៖ រាល់ការបម្រើសេវាកម្មរបស់តូបអារហារ អារហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាននិងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ត្រូវតែគោរពឲ្យខាងតែបាននូវវិធានការអនាម័យ ដូចជាការរៀបចំ ជែលអាល់កុលបាញ់សម្លាប់មេរោគនិងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម។ល។

*និងទី៣៖ ត្រូវបានផ្អាកបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនានានា និងការប្រមូលផ្តុំឫកាជួបជុំគ្នាដោយពុំមានភាពចាំបាច់៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖