(កណ្ដាល)៖ ក្រុមអ្នកបើកឡានដឹកដី-ខ្សាច់ ចេញពីការដ្ឋានជីកដី និងដេប៉ូខ្សាច់ធំៗជាច្រើន នៅតែបន្តដឹកល្មើសច្បាប់នៅលើផ្លូវលេខ៧០បេ ចេញពីកំពង់ចម្លងអរិយក្សត្រ ទៅកាន់ស្រុកខ្សាច់កណ្តាល យ៉ាងគឃ្លើន ដោយមិនខ្លាចច្បាប់ បង្កឱ្យមានការជ្រុះខ្សាច់ និងដីលើដងផ្លូវ និងធ្វើឱ្យខូចខាតផ្លូវជាច្រើនកន្លែង។

ចំពោះបញ្ហានេះលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានព្រមានជាលើកចុងក្រោយដល់ម្ចាស់អាជីវកម្ម និងអ្នកបើករថយន្តទាំងអស់ បើនៅតែបន្ត មិនគោរពច្បាប់ទៀត ពេលមន្ត្រីជំនាញចាប់បាន នឹងដកហូតរថយន្តទុក ហើយឈានទៅបិទកន្លែងអាជីវកម្មតែម្តង ដោយគ្មានការលើកលែងទៀតឡើយ។

លោក ណុប ដារ៉ា បានព្រមានបែបនេះនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសតំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្ម ដេប៉ូ ខ្សាច់ ដី ថ្ម និងម្ចាស់រថយន្តដឹកជញ្ជូន ដី ខ្សាច់ និងថ្ម និងតំណាងម្ចាស់បុរីដែលទទួលទិញដី-ខ្សាច់ នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅសាលាឃុំស្វាយជ្រុំ។

លោក ណុប ដារ៉ា បានបន្ថែមថា អភិបាលខេត្តកណ្ដាល តែងតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នានៅទូទាំងខេត្តកណ្ដាល ដោយកន្លែងណា មានទុក្ខលំបាក នោះមាន អាជ្ញាធរចាំដោះស្រាយជូនភ្លាមៗផងដែរ ក្នុងនោះដោយមើលឃើញពីទុក្ខកង្វល់របស់ពលរដ្ឋដែលរងគ្រោះដោយសារក្រុមឡានដឹកដី-ខ្សាច់ និងម្ចាស់ដេប៉ូ បង្ករការលំបាក លោកបានបញ្ជាដល់មន្ត្រីថ្នាក់ក្រោមឲ្យចុះមកដោះស្រាយភ្លាមៗតែម្តង។

លោក ណុប ដារ៉ា ក៏បានណែនាំដល់ម្ចាស់អាជីវកម្មដឹកដី ដឹកខ្សាច់ទាំងអស់ ត្រូវត្រួតពិនិត្យលើការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ គោរពឱ្យបានតាមកិច្ចសន្យា រីឯម្ចាស់អាជីវកម្មត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ គោរពតាមច្បាប់ និងកិច្ចសន្យាស្តាប់ការណែនាំរបស់អជ្ញាធរ។ បើមើលឃើញថាមិនស្ដាប់ មិនអនុវត្តន៍តាមគោលការណ៍ នោះអាជ្ញាធរនឹងអនុវត្តន៍តាមច្បាប់ជាមិនខាន។

ជាងនេះទៅទៀត លោកក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ ត្រូវមានប័ណ្ណ បើកបរ និងត្រូវត្រួតពិនិត្យរកសារធាតុញៀនផងដែរ។ ចំពោះរថយន្តដឹកទាំងនោះ បើមិនបានគោរពទៅតាមការណែនាំទេ សមត្ថកិច្ច និងមន្ត្រីជំនាញត្រូវសហការដើម្បី ចាប់រថយន្តទាំងនោះ យកមកផាកពិន័យទៅតាមផ្លូវច្បាប់។

លោក ណុប ដារ៉ា បានបញ្ជាក់ទៀតថា រាល់ការដឹកខ្សាច់ ដឹកដី ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឲ្យប៉ះពាល់ ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ រាល់ដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡាន ឱ្យបានស្អាត ពេលចេញពីដេប៉ូ ត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានងស្អាត៕