(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីថ្មី នៅចំពោះមុខក្រុមអាជីវករលក់ដូរក្នុងផ្សារបានលុង ដោយសន្យាដោះស្រាយបញ្ហានានា ដែលធ្លាប់កើតមានឡើងឱ្យអស់ ព្រមទាំងឱ្យក្រុមអាជីវករទាក់ទងមកលោកផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយ។

ការចេញមុខមកសន្យាបែបនេះរបស់លោក ញ៉ែម សំអឿន បានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងឱកាសលោកបានដឹកនាំមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងបានលុង និងសមត្ថកិច្ចសង្កាត់ឡាបានសៀក ចុះជួបសំណេះសំណាល និងទទួលយកបញ្ហាមួយចំនួនមកដោះស្រាយរបស់ប្រជាពលរដ្ឋក្រុមអាជីវករ នៅផ្សារបានលុង។

ឱកាសចុះជួបផ្ទាល់ជាមួយក្រុមអាជីវករនោះដែរ លោក ញ៉ែម សំអឿន ក៏បានសាកសួរពីបញ្ហាប្រឈមមួយចំនួនរវាងក្រុមអាជីវករ និងខាងក្រុមហ៊ុនវិនិយោគផ្សារបានលុង ក្រុមអាជីវករ បានទទូចស្នើសុំឱ្យអាជ្ញាធរខេត្ត ជួយដោះស្រាយបញ្ហាមួយចំនួនដូចជា កន្លែងលក់ដូរពួកគាត់តូចចង្អៀត សុំឱ្យខាងក្រុមហ៊ុនវិនិយោគផ្សារកន្លងទៅរុះរើសាងសង់តូបលក់ដូរថ្មី ដោយសន្យាថាពេលសាងសង់ ហើយប្រគល់ឱ្យម្ចាស់ដើមចូលលក់ ក្នុងទីតាំងតូបដដែលវិញដោយពុំមានការចាប់ឆ្នោត។

ជាងនេះទៅទៀត ក្រុមអាជីវករ បានឱ្យដឹងថា ខាងម្ចាស់ក្រុមហ៊ុនវិនិយោគផ្សារបានលុង មិនអាចឱ្យក្រុមអាជីវករចូលលក់កន្លែងចាស់បានទេ ព្រោះការសាងសង់តូបថ្មីធ្វើឡើងតាមស្តង់ដារ ហើយតាំងតូបចាស់ខ្លះបាត់តែម្តង ព្រោះក្រុមការងារសង់ទៅចំផ្លូវកែង ចំណីផ្លូវ (ច្រកចេញ-ចូល) ដូច្នេះម្ចាស់តូបចាស់អាចបាត់កន្លែងរបស់ខ្លួន ដើម្បីទទួលបានភាពយុត្តិធម៌ទាំងអស់គ្នា ក្រុមអាជីវករត្រូវតែចាប់ឆ្នោត។

បន្ថែមពីនេះទៀត ដើម្បីស្វែងរកដំណោះជូនប្រជាពលរដ្ឋក្រុមអាជីវករទាំងអស់ លោក ញ៉ែម សំអឿន បានណែនាំឱ្យក្រុមអាជីវកររើសតំណាងរបស់ខ្លួនទៅជួបជជែកគ្នានៅការិយាល័យលោកនៅពេលក្រោយទៀត។

លោកបានសន្យាថា នឹងកែប្រែសោភ័ណភាព អនាម័យក្នុងផ្សារបានលុងងាយស្រួលឱ្យអតិថិជនចេញ-ចូល ទិញម្ហូបអាហារឥវ៉ាន់ផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល។

ទន្ទឹមនោះដែរ លោកអភិបាលខេត្ត ក៏បានជូនដំណឹងល្អពីការដែលរាជរដ្ឋាភិបាល នឹងបើកសេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញ ដែលផ្តល់ឱកាសល្អដល់បងប្អូនក្រុមអាជីវករទាំងអស់គ្នា។ ដើម្បីបង្ហាញសមានចិត្តក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកក៏បាននាំយកថវិកាមួយចំនួនជូនដល់លោកយាយដែលមានវ័យចំណាស់ ប៉ុន្តែអាចអង្គុយលក់ដូរក្នុងផ្សារបានលុងផងដែរ៕