(ភ្នំពេញ)៖ កូនប្រុសទាំង២នាក់របស់លោក មួន សារ៉ន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើលិខិតថ្លែងអំណរគុណលោក ហ៊ុន ម៉ាណែត ចំពោះសាររំលែកទុក្ខ នៃមរណភាពឧបាសិកា ម៉ឺន ថុន ដែលត្រូវជាម្តាយ ម្តាយក្មេក ជីដូន ជីដូនទួត របស់ក្រុមគ្រួសារលោក។

នៅក្នុងសារលិខិតថ្លែងអំណរគុណលោក មួន ឌីណា និងលោក មួន វាសនា បានថ្លែងថា «ខ្ញុំ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមប្រធានដែលបានផ្ញើសារ រំលែកទុក្ខក្នុងពិធីបុណ្យសព លោកយាយ របស់ខ្ញុំបាទ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១១កើត ខែអស្សុជឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១:២៦នាទី រំលងអាធ្រាត ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ»

កាយវិការប្រកបដោយទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅរបស់ ឯកឧត្តមប្រធាន ចំពោះយើងខ្ញុំទាំងអស់គ្នា ក្នុងវេលាដ៏ក្រៀមក្រំនៃការបាត់បង់នូវម្តាយ អ្នកម្តាយក្មេក ជីដូន និងជីដូនទូត ជាទីគោរពស្រលាញ់របស់កូនៗ ចៅៗព្រមទាំងក្មួយៗពេលនេះ មិនគ្រាន់តែជាការបង្ហាញនូវសមានចិត្តសន្តោសប្រជាប្រកបដោយព្រហ្មវិហារធម៌ប៉ុណ្ណោះទេគឺថែមទាំងជាការលើកទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់ ឯកឧត្តមប្រធាន ចំពោះយើងខ្ញុំទាំងអស់គ្នាឱ្យរួមសាមគ្គីរស់នៅ និងបំពេញការងារបម្រើ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពជូនពរ ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកប ដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕