(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ទុកថា របាយការណ៍ដែលចេញដោយខេមបូចានេះជា របាយការណ៍ដែលមិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់មកលេីស្ថាបន័មានសមត្ថកិច្ច។

ការលេីកឡេីងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វេីឡេីងបន្ទាប់ពីសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA) បានចេញរបាយការណ៍មួយចោទប្រកាន់ថា ក្រសួងព័ត៌មានអនុញ្ញាតឲ្យអាជ្ញាធរចោទប្រកាន់អ្នកសារព័ត៌មានចំពោះការរំខានដល់ការងាររបស់ពួកគេ។

ជាមួយគ្នានេះ ខេមបូចា បានអះអាង មន្រ្តីមូលដ្ឋាននៅតាមទីតាំងផ្សេងៗគ្នាបានប្រើប្រាស់សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដើម្បីផ្តល់ភាពត្រឹមត្រូវលើការបណ្តេញអ្នកសារព័ត៌មានដែលព្យាយាមរាយការណ៍អំពីជម្លោះដីធ្លី ឬការបណ្តេញចេញ ដោយមានទាំងការគំរាមចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើអ្នកសារព័ត៌មានខកខានមិនបានចាកចេញ ហើយក្នុងករណីខ្លះមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌជាដេីម។

ពាក់ព័ន្ធនឹងរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបំភ្លឺដូចខាងក្រោម៖

១៖ របាយការណ៍ដែលចេញដោយខេមបូចានេះ ជារបាយការណ៍ ដែលមិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់ មកលេីស្ថាបន័មានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ជាធរមាន។

២៖ របាយការណ៍នេះក៏មិនបានសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលេីលិខិតបទដ្ឋានគតិយុត្តិដែលក្រសួងព័ត៌មាន បានចេញនាពេលកន្លងមក ហេីយសមាគមនេះតែតែងជំទាស់រាល់សេចក្តីសម្រេចនានារបស់ស្ថាប័នសាធារណៈ និងមិនដែលទទួលយកការបញ្ជាក់ ឬការពន្យល់បកស្រាយរបស់ស្ថាប័នសាធារណ: ឬស្ថាប័នមានសមត្ថកិច្ចម្តងណាឡេីយ។

៣៖ សមាគមនេះតែងចេញរបាយការណ៍ ឬសេចក្ដីថ្លែងការណ៍ចោទប្រកាន់មកលេីស្ថាប័នមាន​សមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ច​តាមច្បាប់ថាស្ថាប័នមាន​សមត្ថកិច្ច រំលោភបំពានសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ឬគំរាមកំហែងបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានទៅវិញ។

៤៖ ការកត់ត្រាទិន្នន័យករណីអ្នកសារព័ត៌មាន ដែលត្រូវទទួលខុសតាមផ្លូវច្បាប់ចំពោះអំពេីដែលពួកគេបាន​ប្រព្រឹត្ត ថាជាការរំលោកបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាការកត់ត្រា ដែលមិនបានឆ្លុះបញ្ចាំងឲ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ​ទាល់តែសោះ ទៅតាមអង្គហេតុ និងអង្គច្បាប់នៃករណីនីមួយៗ។ ដែលចំណុចនេះអាចនិយាយបានថា របាយការណ៍នេះ ជារបាយការណ៍ ដែលមានបំណងបំភាន់សាធារណមតិ ឲ្យមានការយល់ច្រឡំមកលេីការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច។

៥៖ កន្លងមកសមាគមនេះ តែងចោទប្រកាន់មកស្ថាប័នមានសមត្ថកិច្ចថា បានរំលោភបំពានសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។ ជាក់ស្តែងនាពេលកន្លងមកសមាគមនេះ ក៍ធ្លាប់បានសេចក្តីថ្លែងការណ៍នានា ​ឲ្យលុបរូបភាពដកហូតបណ្ណអ្នកសារព័ត៌មានខេមូចា វីអូអេ ឬជិះម៉ូតូដេញឃាត់អ្នកសារព័ត៌មាន វីអូឌីជាដេីម ប៉ុន្តែនៅពេលក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធអញ្ជើញអ្នកសារព័ត៌មាន ទាំងនោះមកផ្តល់ព័ត៌មានលម្អិតបន្ថែមបុគ្គលទាំងនោះតែងតែគេចវេស មិនព្រមចូលរួមរាយការណ៍ជាផ្លូវការឡេីងដែលនេះយេីងអាចលេីជាសំណួរថា បេីពួកគេត្រូវរំលោភបំពានសិទ្ធិសេរីភាពមែនចុះហេតុអ្វីពួកគេមិនចូលរួមសហការផ្តល់ ព័ត៌មានឲ្យស្ថាប័នមានសមត្ថកិច្ច? តេីពួកគេជាជនរងគ្រោះពីការរំលោភបំពានសិទ្ធិសេរីភាពពិតប្រាកដ ឬជាការសម្តែងតាមខ្សែញាក់របស់គេ?៕