(កំពង់ឆ្នាំង)៖ អ្នកធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ បានបង្ហាញការរអ៊ូរទាំ និងព្រួយបារម្មណ៍ខ្លាំងខ្លាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ក្រោយអាជីវករនាំគ្នាលក់ដូរបំពានលើផ្លូវនៅផ្សារពន្លៃ ដែលបង្កឱ្យមានការកកស្ទះជារៀងរាល់ព្រឹក ចំណែកអ្នកយកភាស៊ីផ្សារវិញ ក៏បានចូលរួមចំណែកធ្វើឱ្យកកស្ទះចររាចរណ៍ តាមរយៈការយកទ្រូងផ្លូវធ្វើជាកន្លែងផ្ញើម៉ូតូយកលុយថែមទៀត។

លើកឡើងប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋបានបញ្ជាក់ថា សម្រាប់ការធ្វើដំណើរតាមយានយន្ត នៅក្នុងស្រុកបរិបូណ៌ នៅលើផ្លូវកៅស៊ូខាងត្បូង ជាប់ទីតាំងផ្សារពន្លៃ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌មាន ការកកស្ទះជារៀងរាល់ព្រឹក រថយន្តចៀសគ្នាមិនរួច ពិបាកធ្វើចរាចរណ៍ ជារៀងរាល់ថ្ងៃ ដោយសារតែប្រជាពលរដ្ឋបានដាក់ទំនិញលក់ដូរនៅលើផ្លូវ។ មិនតែប៉ុណ្ណោះអ្នកយកភាស៊ីផ្សារក៏បានយកទ្រូងផ្លូវធ្វើជាកន្លែងផ្ញើម៉ូតូយកលុយថែមទៀត ដែលធ្វើឲ្យទ្រូងផ្លូវកាន់តែរួមតូច ពិបាកក្នុងការធ្វើដំណើរអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ប្រសិនបើអាជ្ញាធរស្រុកមិនយកចិត្តទុកដាក់រៀបចំស ណ្ដាប់ធ្នាប់លក់ដូរនោះទេ។

ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមយានយន្ត បានបញ្ជាក់ទៀតថា ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍វិញ អាចបណ្តាលមកពីកង់រថយន្តកិនលើឥវ៉ាន់ ដែលដាក់លក់លើថ្នល់ ឬបង្កឱ្យមានការប៉ះពៀរដល់អ្នកលក់ដូរទំនិញ និងអ្នកទិញទំនិញ នៅតាមដងផ្លូវនេះ គឺដោយសារការដាក់ទំនិញលក់ដូរនៅលើផ្លូវសាធារណៈហាក់ដូចជា មិនមានអ្នកមើលការខុសត្រូវ និងរៀបចំសណ្តាប់ធ្នាប់នោះឡើយ។

ក្រុមអ្នកធ្វើដំណើរជាច្រើនរូប បានសំណូមពរដល់អាជ្ញាធរស្រុកបរិបូរណ៍ ជួយពិនិត្យមើលក្នុងការរៀបចំចររាចរណ៍នៅចំណុចផ្សារនេះផង ដើម្បីបញ្ជៀសការកកស្ទះ ចររាចរណ៍ជារៀងរាល់ព្រឹក ហើយបើនៅតែដូចនេះទៀត ថ្ងៃណាមួយនឹងអាចបង្កទៅជាគ្រោះថ្នាក់ផ្សេងៗជាយថាហេតុផងដែរ។

ទាក់ទងសំណូមពរខាងលើនេះ លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ បានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋដែលលក់ដូរទំនិញ និងបន្លែបង្ការតាមកញ្ជើរ ល្អី លើផ្លូវដែលបានលើកឡើងខាងលើនេះ គឺលក់តាមផ្លូវបេតុង១កន្លែង នៅខាងត្បូងជាប់នឹងផ្លូវកៅស៊ូនេះ។ ប៉ុន្តែដោយនៅក្នុងរដូវវស្សាធ្លាក់ភ្លៀង ផ្លូវបេតុងនោះត្រូវលិច ទឹកអស់ ទើបពួកគាត់ចល័តមកលក់ដូរនៅសងខាងទ្រូងផ្លូវកៅស៊ូនេះ ដែលជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ព្រឹកពិតមែន។ ប៉ុន្តែពួកគាត់លក់ដូរតែពេល ព្រឹកប៉ុណ្ណោះ ថ្ងៃរសៀល និងល្ងាចពុំមានអ្នកលក់ដូរនៅលើទ្រូងផ្លូវនេះទេ។

លោក ផល សុភាព បានបន្តថា កន្លងមកអាជ្ញាធរឃុំ និងស្រុក ក៏ធ្លាប់បានផ្សព្វផ្សាយណែនាំអប់រំដល់អាជីវករដែលលក់ដូរទំនិញ និងបន្លែបង្ការនៅលើទ្រូងផ្លូវនេះផងដែរ។ លោកថា បើមានគ្រោះថ្នាក់ចរាចរណ៍ សូមកុំបន្ទោសអាជ្ញាធរឲ្យសោះ ព្រោះអាជ្ញាធរមិនបានអនុញ្ញាតឲ្យលក់ដូរនៅលើទ្រូងផ្លូវនេះឡើយ។

អាជ្ញាធរស្រុក នឹងធ្វើការណែនាំដល់អ្នកយកភាស៊ីផ្សារ និងប្រជាពលរដ្ឋលក់ដូរនៅលើទ្រូងផ្លូវនេះបន្ថែមទៀត ដើម្បីឲ្យវិលទៅលក់ ដូរនៅលើផ្លូវបេតុងដែលអាជ្ញាធរ ស្រុកបាន កំណត់ឱ្យវិញ និងដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើតមានដោយសារតែការលក់ដូរអនាធិបតេយ្យបែបនេះផងដែរ៕