(ភ្នំពេញ)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) បានថ្លែងអំណរគុណដល់សហព័ន្ធសន្តិភាពសកល (UPF) ចំពោះការជឿជាក់លើកម្ពុជា ក្នុងការចូលរួមកសាង និងពង្រឹងសន្តិភាព។

ការថ្លែងអំណរគុណបានបង្ហាញឡើងនៅរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាស លោកស្រីអនុញ្ញាតឱ្យប្រតិភូ UPF ដឹកនាំដោយលោកបណ្ឌិត Yun Young-ho អគ្គនាយកស្នាក់ការកណ្តាល UPF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ លោកស្រីកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជាក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។ លោកស្រី ឃួន សុដារី បានរំលឹកនូវកិច្ចសហការ និងភាពជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ២០១៩ (APS-2019) កាលពីឆ្នាំ២០១៩នេះ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។

លោកស្រី ឃួន សុដារី ក៏បានលើកឡើងនូវទឹកចិត្តដ៏សប្បុរសធម៌របស់ UPF ដោយបានចូលរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា រួមមានជាអង្ករចំនួន ១០០តោន និងថវិកាចំនួន ១០០,០០០ដុល្លាអាមេរិក តាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៉ី ហើយដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ACC បានសម្រេចបង្វែរ ជូនទៅ «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» (TYDA) ដឹកនាំដោយ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបេសកកម្មសង្គ្រោះបន្ទាន់ប្រឆាំងនឹងកូវីដ-១៩ ដែលបានកសាងមន្ទីពេទ្យ និងមជ្ឈមណ្ឌលថែទាំអ្នកជម្ងឺកូវីដ-១៩ ចំនួន ៥១កន្លែង កាលពីខែឧសភា កន្លងទៅ។

លោកស្រី ឃួន សុដារី បានបន្តថា ជំនួយសប្បុរសធម៌ពីពេលកន្លងមក ក៏ដូចជា គំនិតផ្តួចផ្តើមនានាដែលកំពុងចាប់ផ្តើមដំណើរការ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ UPF និងរាជរដ្ឋាភិបាលកម្ពុជា សំដៅរួមចំណែកដល់ការកសាង ការថែរក្សា និងការលើកកម្ពស់សន្តិភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក។ ជាមួយគ្នានេះផងដែរ លោកស្រី បានសម្តែងនូវក្តីរំភើបរីករាយ និងមោទនភាពយ៉ាងក្រៃលែង ចំពោះកម្ពុជាដែលមាន វិទ្យាស្ថានចក្ខុវិស័យអាស៉ី AVI ជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ក្រុមប្រឹក្សាវប្បធម៌អាស៉ី ACC ដោយទទួលបាននូវសេចក្តីទុកចិត្តពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអង្គការ UPF ឱ្យទទួលភារកិច្ចជា «លេខាធិការដ្ឋានស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២ ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិច» កាលពីខែកញ្ញា កន្លងទៅថ្មីៗនេះ។

លោកស្រី ឃួន សុដារី ក៏បានសង្កត់ធ្ងន់នូវតម្លៃនៃសន្តិភាព ដែលកម្ពុជាបានមកដោយលំបាក។ កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព នយោបាយ ពេញលេញ ទើបធ្វើឱ្យមានការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ដែលទាំងនេះ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹងមាំជាលំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ។

ក្នុងជំនួបនេះផងដែរ លោកបណ្ឌិត Yun Young-ho បានសម្តែងនូវចំណាប់អារម្មណ៍ត្រេកអរយ៉ាងខ្លាំងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាជួបជាមួយលោកស្រី នាពេលនេះផ្ទាល់។ ពិសេសជាងនេះទៅទៀត លោកបានសម្តែងនូវសេចក្តីពេញចិត្តឥតឧបមា ក្នុងឱកាសដែលលោកទទួលបាននូវមេដាយសហមេត្រី ថ្នាក់មហាសេនា ដែលពិតជាមហាកិត្តិយសដ៏ធំធេង ប្រកបដោយគុណតំលៃខ្ពស់មិនអាចកាត់ថ្លៃបាន។

លោក Yun Young-ho បានកោតសរសើរនូវទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លា ការប្តេជ្ញាចិត្តដ៏មុះមុត ក្នុងការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសភា។ លោកបានបញ្ជាក់បន្ថែមថា ជំនួបសម្តែងការគួរសមនាពេលនេះពិតជាប្រវត្តិសាស្រ្តមួយ ដែលមិនមែនសម្រាប់តែកម្ពុជាទេ គឺសម្រាប់អាស៉ីប៉ាស៉ីហ្វិច និងពិភពលោកទាំងមូល ដែលជាដំណើរឆ្ពោះទៅកាន់ពិភពលោក សុខសន្តិភាព។ លោកបណ្ឌិត បានបង្ហាញនូវសុឆន្ទៈ និងក្តីសង្ឃឹមដ៏មុតមាំ ជាមួយការប្តេជ្ញាចិត្តធ្វើការងារដោយអស់ពីចិត្តថ្លើម ក្រោមគំនិតផ្តួចផ្តើមរវាងរាជរដ្ឋាភិបាលកម្ពុជា សភាកម្ពុជា និងអង្គការ UPF ឲ្យកាន់តែជោគជ័យ និងល្អប្រសើរ ។

សូមជម្រាបជូនផងដែរថា ក្រោយជំនួបសម្តែងការគួរសម ក៏មានពិធីចុះហត្ថុលេខាលើពិធីសារសំខាន់ៗចំនួន ២ ក្នុងនោះមាន៖

១៖ ពិធីសារស្តីពីការសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលគណៈកម្មាធិការរៀបចំនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធសន្តិភាពសកល (UPF) នឹងសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការផ្សះផ្សារនិងការអភិវឌ្ឍ នៅអាស៉ីឦសាន ដោយផ្តោតលើសន្តិភាពនៅឧបទ្វីបកូរ៉េជាពិសេស និងសន្តិភាពពិភពលោកជាទូទៅ

២៖ ពិធីសារនៃកិច្ចសហប្រតិបត្តិការស្តីពីគម្រោងអភិវឌ្ឍន៍ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍទន្លេមេគង្គលើវិស័យ រួមមាន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍដេលផ្តោតលើប្រជាជន កសិកម្ម វារីវប្បកម្ម នវានុវត្តន៍ ការអប់រំ វប្បធម៌ ជាដើម៕