(កំពង់ឆ្នាំង)៖ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ប.ជ) នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ គ.ជ.ប ថ្នាក់ជាតិ បានចុះមកត្រួតពិនិត្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងការប្រឈមនានា នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការចូលរួមពីលោកប្រធាន និងអនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងស្រុករលាប្អៀរមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះ លោក នុត សុខុម ក៏បានត្រួតពិនិត្យមើលសម្ភារៈ កុំព្យូទ័រ និងសម្ភារផ្សេងៗ ប្រើប្រាស់ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ក្មុងឃុំជ្រៃបាក់ ដែលទទួលបានពីថ្នាក់ខេត្ត និងក៏បានណែនាំពីការអនុវត្តការងាររបស់ក្រុមពិនិត្យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឃុំ ដូចជាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០២១នេះ និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំ ដែលបានកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនាឆ្នាំ២០០៤ និងបានត្រួតពិនិត្យឈ្មោះអ្នកប្ដូរចូល, ពិនិត្យឈ្មោះអ្នកទទួលមរណភាព, ពិនិត្យឈ្មោះអ្នកប្ដូរការិយាល័យបោះឆ្នោត និងណែនាំអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ, មេភូមិ, ប៉ុស្ដិ៍នគរបាលរដ្ឋបាល ភ្នាក់ងារគណបក្ស និងតួនាទី ភ្នាក់ងារសង្កេតការណ៍ការផងដែរ។

លោកក៏បានជំរុញឱ្យអាជ្ញាធរឃុំក្រុមប្រឹក្សាឃុំផ្សព្វផ្សាយឱ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យចូលរួមក្នុងការមកចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា ដែលនឹងផុតសុពលភាព នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ដោយឡែកលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋនៅក្នុងឃុំជ្រៃបាក់ ដែលបានចុះឈ្មោះបោះឆ្នោតសរុបមានចំនួន ៧,៤៣៥នាក់។ ចំណែកអ្នកដែលគ្រប់អាយុ ត្រូវចុះឈ្មោះបោះឆ្នោត មានចំនួន ១៩០នាក់ និងគិតមកដល់ថ្ងៃទី២១ ខែតុលានេះ អ្នកបានមកចុះឈ្មោះថ្មី ដើម្បីបោះឆ្នោត មានចំនួន៧១នាក់ហើយ។

លោកមេឃុំបានឱ្យដឹងថា ក្រុមការងារគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ជាតិ ដឹកនាំដោយលោក នុត សុខុម ក្នុងពេលចុះមកត្រួតពិនិត្យការងារ ចុះឈ្មោះបោះឆ្នោតនៅឃុំជ្រៃបាក់ ខាងលើនេះ លោកក៏បានជួយឧបត្ថម្ភដល់ក្រុមការងារ ចុះឈ្មោះបោះឆ្នោតឃុំជ្រៃបាក់ នូវសម្ភារៈក្នុងការពារជំងឺកូវីដ រួមមាន៖ ម៉ាស់ អាកុល និងដបដាក់អាកុល សម្រាប់បាញ់មួយចំនួនផងដែរ៕