(ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ មូលនិធិទទួលបានការបរិច្ចាគ ជាទឹកប្រាក់សរុបចំនួន ៣៨១ ៤៦៥ ដុល្លារអាមេរិក និង ៥ ៣២៥ ៦៥៤ ៦០០ រៀល ដោយរួមទាំងថវិកាបចំនួន ១៩៧ ៧៤០ ដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)។

សេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ថវិកាទាំងនេះ ទទួលបានពីការបរិច្ចាគពីសំណាក់សប្បុរសជន ២៤ ០៣៩ រូប ដែលរួមមាន សមាជិកកិត្តិយស ១១ រូប, សមាជិកគាំទ្រ ២០ ២០៩ រូប, សប្បុរសជនផ្សេងៗ ៣ ៨១៩ រូប។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានា ឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឲ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវាជាមួយ៖ ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong, ធនាគារ Wing, ធនាគារ Sathapana, ធនាគារ J Trust Royal និង ភ្នាក់ងារ True Money ឬតាមរយៈការអញ្ជើញមកបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬរយៈលេខទូរសព្ទ៖ ០៦១ ៧០ ១១១១។

សប្បុរសជននានាអាចចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំង នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស៕