(ព្រះវិហារ)៖ ប្រជាពលរដ្ឋជាច្រើននាក់ តំណាងឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២១នេះ បានមកជួបជុំគ្នានៅក្នុងបរិវេណសាលា ស្រុកត្បែងមានជ័យ ដើម្បីសុំជួបលោកអភិបាលស្រុក និងស្នើសុំស្នាមមេដៃត្រឡប់ទៅវិញ បន្ទាប់ពីពួកគាត់បានផ្តិតតាមរយៈសមាជិកភូមិម្នាក់ថា ផ្តិតដើម្បីធ្វើប្លង់ដីផ្ទះរបស់ពួកគាត់ ប៉ុន្តែបែរជាយកទៅសាងសង់ប្រាសាទវិញ។

ស្រីម្នាក់បានប្រាប់ឲ្យដឹងថា ពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ត្រូវបានសមាជិកភូមិម្នាក់បានដើរឲ្យពួកគាត់ផ្តិតមេដៃ ដោយនិយាយថា យកស្នាមមៃដៃរបស់ពួកគាត់ ដើម្បីស្នើសុំធ្វើប្លង់ដី ប៉ុន្តែបន្ទាប់ពីពួកគាត់បានផ្តិតមេដៃរួច ទើបពួកគាត់ទទួលព័ត៌មានថា ស្នាមមៃដៃរបស់ពួកគាត់ដែលបានផ្តិតនោះ គេមិនយកទៅស្នើសុំធ្វើប្លង់ដីនោះទេ គឺយកទៅដើម្បីស្នើសុំសាងសង់ប្រាសាទទៅវិញ ទើបពួកគាត់ភ្ញាក់ខ្លួននាំគ្នាមកស្នើរសុំមេដៃដែលបានផ្តិតត្រឡប់ទៅវិញ។

ស្រ្តីរូបនេះ បានបន្តថា ការដែលពួកគាត់ព្រមផ្តិតមេដៃឲ្យសមាជិកភូមិរូបនេះ ក៏ដោយសារគាត់ជាមនុស្សរាប់អានគ្នាក្នុងភូមិ ទើបមិនបានសួរនាំដេញដោលច្បាស់លាស់នោះទេ។ ប៉ុន្តែពួកគាត់មកនេះ គ្រាន់តែចង់សុំស្នាមមេដៃពីលោកអភិបាលស្រុក យកត្រឡប់ទៅវិញតែប៉ុណ្ណោះទេ ព្រោះពួកគាត់ខ្លាចគេយកស្នាមមេដៃរបស់ពួកគាត់ទៅធ្វើរឿងផ្សេងៗដែលពួកគាត់មិនបានដឹង។

ដោយឡែកលោក ម៉ៅ សាត់ សមាជិកភូមិដែលជាអ្នកដើរឲ្យពលរដ្ឋផ្តិតមេដៃនោះ បានបញ្ជាក់ថា ឯកសារដែលគាត់យកឲ្យពលរដ្ឋផ្តិតមេដៃនោះ គាត់ទទួលបានពីលោកជំទប់ទី២ឃុំឈានមុខ ហើយលោកក៏មិនដឹងថាឯកសារនោះជាស្អីដែរ ព្រោះឃើញមានតែផែនទី ដែលលោកគិតថា ជាផែនទីកំណត់ព្រំរវាងដីប្រជាពលរដ្ឋ និងដីសម្រាប់សាងសង់ប្រាសាទ។

ចំណែកលោក ទន់ ហំ ជំទប់ទី២ឃុំឈានមុខ បាននិយាយថា ឯកសារនេះ លោកទទួលបានពីលោលអភិបាលស្រុកត្បែងមានជ័យ ហើយលោកក៏បានឲ្យទៅសមាជិកភូមិ យកទៅឲ្យប្រជាពលរដ្ឋផ្តិតមេដៃដើម្បីសាងសង់ប្រាសាទមិនមែនដើម្បីធ្វើប្លង់ដីនោះទេ។

ម្យ៉ាងវិញទៀត លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃនេះដោយទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល។ ប៉ុន្តែលោកអភិបាលស្រុក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃមិញថា ករណីឲ្យប្រជាពលរដ្ឋផ្តិតមេដៃនេះ គឺមិនមែនដើម្បីធ្វើប្រាសាទទេ គឺដើម្បីកំណត់ព្រំដីរបស់គាត់ឲ្យបានច្បាស់លាស់ ចៀសវាងការធ្វើប្លង់ដីនៅថ្ងៃក្រោយមានការប្រែប្រួល។

ចំពោះស្នាមមេដៃដែលពួកគាត់បានផ្តិត គឺមិនយកទៅណា ឬយកទៅធ្វើអីទេ ហើយនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ លោកនឹងយកទៅប្រគល់ឲ្យវិញ ដោយលោករៀបចំធ្វើពិធីមួយជួបជុំជាមួយ ប្រជាពលរដ្ឋនៅសាលាឃុំឈានមុខតែម្តង៕