(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានចេញមកបកស្រាយ និងបញ្ជាក់ជូនសាធារណជនអំពីករណីមួយនៅខេត្តកំពត ដែលពាក់ព័ន្ធនឹង ចំណាត់ការរបស់កម្លាំងអាវុធហត្ថ ហើយត្រូវបានបណ្តាញព័ត៌មានសង្គមយកទៅធ្វើការផ្សព្វផ្សាយខុសពីការពិត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ជូនថា ការអនុវត្តនីតិវិធីរឿងក្តីព្រហ្មទណ្ឌ មន្ត្រីនគរបាលយុត្តិធម៌មានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួនជនពាក់ព័ន្ធការប្រព្រឹត្តបទល្មើស ប្រមូលវត្ថុតាង និងកសាងសំណុំបញ្ជូនទៅអយ្យការអមសាលាដំបូង មន្ត្រីនគរបាលយុត្តិធម៌មិនមានសិទ្ធិចោទប្រកាន់នោះទេ មានតែតំណាងអយ្យការតែប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចធ្វើការចោទប្រកាន់ដូចមានចែងក្នុងមាត្រា៤៣ (ការចោទប្រកាន់) នៃក្រមព្រហ្មទណ្ឌ។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានកើតមានឡើងបន្ទាប់ពីកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានឃើញគណនីហ្វេសប៊ុកឈ្មោះ ហង្ស សំណាង បានបង្ហោះឃ្លីបវីដេអូ និងសរសេរអត្ថបទថា «កូនជាប់គុកម្តាយឪពុកត្រូវគេប្តឹងអំពីបទបរិហាកេរ្តិ៍ ធ្វើនេះចង់សម្លាប់គាត់ ឬក៏ចង់ឱ្យពួកគាត់ឃើញពួកអស់លោកហើយខ្លាច»

ពាក់ព័ន្ធនឹងខ្លឹមសារនៃការចុះផ្សាយខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបកស្រាយដូចខាងក្រោមនេះ៖

*ទី១៖ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានធ្វើការប្រកាសព័ត៌មានជាសាធារណ ដើម្បីជូនជ្រាប និងបានសុំឱ្យភេកហ្វេសប៊ុកគណនីឈ្មោះ ហង្ស សំណាង ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដូចមានចែងក្នុងមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មានក្នុងរយៈពេល៧ថ្ងៃ។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានឃើញហ្វេសប៊ុកគណនីឈ្មោះ ហង្ស សំណាង បង្ហោះធ្វើការសុំទោសចំពោះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ចំណុចនេះ ក្នុងនាមកងរាជអាវុធហត្ថ ខ្ញុំបាទសូមកោតសរសើរលោក ដែលបានអនុវត្តត្រឹមត្រូវតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ប៉ុន្តែចំពោះបុគ្គលដែលពាក់ព័ន្ធនៅពេលនោះ គាត់ជាអ្នកប្រឌិតរឿង ធ្វើឱ្យសាធារណជនភាន់ច្រឡំ ដែលបណ្ដាលឱ្យខូចកិត្តិយសកេរ្តិ៍ឈ្មោះរបស់កងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថខេត្តកំពត បានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដោយទាមទារសំណងជំងឺចិត្ត និងផ្តន្ទាទោសតាមច្បាប់។ ការប្តឹងនេះក្នុងន័យដើម្បីឱ្យបុគ្គលដែលប្រព្រឹត្តយល់ដឹងអំពីកំហុសរបស់ខ្លួន មិនមែនជាការសងសឹក ឬដើម្បីបានលុយពីពួកគាត់ឡើយ។ ការកោះអញ្ជើញឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីសាកសួរ នោះគឺជាសមត្ថកិច្ចរបស់អយ្យការ។

*ទី២៖ អំពីការអនុវត្តនីតិវិធីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ កាលណាករណីនេះជាបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង ដូចមានចែងក្នុងមាត្រា៨៦ នៃក្រមព្រហ្មទណ្ឌ មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិអំណាចក្នុងការឃាត់ខ្លួន បុគ្គលគ្រប់រូបដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ហើយរាយការណ៍ជូនតំណាងអយ្យការ។ សូមលោកកុំប្រើពាក្យថា អនុវត្តទាន់ហន់ គ្មានដីកា ពាក្យនេះមិនត្រឹមត្រូវទេ។

*ទី៣៖ លោកនិយាយថា «លេងកុំខឹង បើខឹងកុំលេង» ពាក្យសម្តីនេះជាពាក្យសម្តីគ្មានសីលធម៌ ជាអ្នកសារព័ត៌មាននោះទេ សូមលោកកែសម្រួលវិញ។ កងរាជអាវុធហត្ថ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងទ័ព និងបទបញ្ជា។

*ទី៤៖ លោកនិយាយថា «ចង់ឱ្យប្រជាពលរដ្ឋឃើញលោកប៉េអឹមញ័រ ខ្លាច ឬចង់គំរាមយ៉ាងម៉េច...ក្នុងនាមជាមន្ត្រីធ្វើឱ្យប្រជាពលរដ្ឋខ្លាច ធ្វើប្រជាពលរដ្ឋគោរព...» យើងខ្ញុំជាកងរាជអាវុធហត្ថត្រូវ បានទទួលការអប់រំហ្វឹកហ្វឺនរៀនសូត្រ បំពេញបេសកកម្ម គឺរក្សាការពារសន្តិសុខ សណ្តាប់ធ្តាប់សង្គម បើប្រទេសជាតិត្រូវបានការឈ្លានពានពីខាងក្រៅ យើងខ្ញុំ ជាទាហានការពារទឹកដី ដូចកាលពីឆ្នាំ២០០៨។ ក្រៅពីនេះយើងខ្ញុំបានបម្រើ ជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយផ្សេងៗ ជួយឧបត្ថម្ភសម្ភារ ថវិកា ជួយសាងសង់ រុះរើផ្ទះរបស់ពួកគាត់ ជួយដកស្ទូង ច្រូតកាត់ និងការងារសង្គមជាច្រើន។ សកម្មភាពការងារ និងអំពើល្អរបស់កងរាជអាវុធហត្ថ ត្រូវបានទទួលស្គាល់ពីសាធារណជនផងដែរ។ សូមលោកធ្វើការកែតម្រូវពាក្យសម្តីរបស់លោក។

*ទី៥៖ លោកនិយាយថា «ទីសាធារណៈឡាយបាន មិនមែនឡាយក្នុងបន្ទាយទេ...» បរិវេណខាងក្នុង និងខាងក្រៅទីបញ្ជាការកងរាជអាវុធហត្ថ ត្រូវបានការពារសន្តិសុខយ៉ាងតឹងរឹង មិនអនុញ្ញាតឱ្យថតរូប ថតវីដេអូ ដោយគ្មានការអនុញ្ញាតនោះទេ។

*ទី៦៖ លោកនិយាយថា «យកជីវិតមកប្តូរ...» កងរាជអាវុធហត្ថគ្រប់រូបទទួលបានការអប់រំបណ្ដុះបណ្ដាល ហ្វឹកហ្វឺន រៀនសូត្រអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដូច្នេះត្រូវការលោកយកជីវិតមកប្ដូរ...នោះទេ។ ក្នុងករណីលោកប្រើប្រាស់អាវុធដោយឈ្លានពានទៅលើប្រជាពលរដ្ឋ ឬបុគ្គលណា នោះទើបកងរាជអាវុធហត្ថប្រើសិទ្ធិការការពារស្របច្បាប់។ កងរាជអាវុធហត្ថ ទុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដើម្បីឱ្យគណនីហ្វេសប៊ុកឈ្មោះ ហង្ស សំណាង ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយ និងពាក្យសម្តីរបស់ខ្លួន ក្នុងករណីមិនឃើញធ្វើការកែតម្រូវនោះទេ កងរាជអាវុធហត្ថ នឹងប្តឹងទៅតុលាការតាមរយៈប្រគល់សិទ្ធិជូនមេធាវី ដើម្បីរក្សាកិត្តិយស កេរ្តិ៍ឈ្មោះរបស់កងរាជអាវុធហត្ថ ដែលជាស្ថាប័នរបស់ជាតិ៕