(កណ្ដាល)៖ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋក្រីក្រនៅឃុំបែកចានចំនួន១០០គ្រួសារ ស្ថិតនៅបរិវេណវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ព្រមទាំងបានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃរាប់លាននាក់។

ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សាមុត ធឿន ប្រធានក្រុមប្រឹក្សាស្រុកអង្គស្នួល លោកស្រីអជ្ញាធរឃុំ មេភូមិទាំង២១នៃឃុំបែកចាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ដែលមានអាយុចាប់ពី៦ ឆ្នាំឡើងដោយពុំគិតថ្លៃ ដែលនេះសបញ្ជាក់ឲ្យឃើញពីបេះដូងមេដឹកនាំ ដែលមានចិត្តស្រឡាញ់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដសាកសមជានាយករដ្ឋមន្ត្រីនៃកម្ពុជាតទៅមុខទៀត។

ជាមួយគ្នានេះ លោកអភិបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ព្រោះមានតែសម្ដេចទេដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន និងថែរក្សាសុខសន្តិភាពជាយូរអង្វែងតទៅមុខទៀត។

ទន្ទឹមនឹងសារនេះដែរ លោកអភិបាលស្រុក ក៏នៅតែបន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានសុខាភិបាលក៏ដូចជាអនុវត្តន៍នូវវិធាន «៣ការពារ និង៣កុំ» ឲ្យមានប្រសិទ្ធភាព បើទោះបីជាខ្លួនបានចាក់វ៉ាក់សាំង គ្រប់ដូសហើយយ៉ាងណាក្ដី ក្នុងន័យឆ្ពោះទៅកាន់ការចូលរួមកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ នេះចេញឲ្យអស់ពីប្រទេសកម្ពុជា។

គួរជម្រាបថា ការចែកអំណោយនេះ ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, មី ១កេស, ទឹកស៊ីវអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងត្រីខ ១យួរ៕