(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយជាសម្ភារឧបករណ៍វេជ្ជសាស្ត្រ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឡើងនៅក្រសូងសុខាភិបាល។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា។

សូមបញ្ជាក់ជូនថា សម្ភារឧបករណ៍វេជ្ជសាស្ត្ររួមមាន៖
១៖ ម៉ាស៊ីនអុកស៊ីហ្សែនខ្នាតតូច ចំនួន ៨០គ្រឿង (Oxygen Concentrators)
២៖ ម៉ាស៊ីនរំងាប់មេរោគ ចំនួន១គ្រឿង (Autoclave)
៣៖ ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន ៤៥គ្រឿង (Patient Monitor),
៤៖ ម៉ាស៊ីនថតសួត (X-ray Machines) ចំនួន ៤គ្រឿង
៥៖ បណ្តាញបង្ហូទឹកអុកស៊ីហ្សែន ចំនួន ១ (A Liquid Oxygen Tank System)
៦៖ សម្ភារបរិក្ខារព័ត៌មានវិទ្យា (IT Equipment) មួយចំនួន សរុបជាទឹកប្រាក់ប្រមាណ ១.៣ លានដុល្លារ ជូនក្រសួងសុខាបាល។

ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា លោក Christian Berger បានសម្តែងនូវការសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជា ការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិអាល្លឺម៉ង់ទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេសបុគ្គលិកស្ថានទូតអាល្លឺម៉ង់។

ទន្ទឹមនឹងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ទឹកចិត្ដសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារអភិវឌ្ឍអន្ដរជាតិអាល្លឺម៉ង់ GIZ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ត្រូវបានចង់ចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ១៩។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារអភិវឌ្ឍអន្ដរជាតិអាល្លឺម៉ង់ GIZ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាកាយវិកាយនៃវប្បធម៌ ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ៕