(ភ្នំពេញ)៖ «សូមសមាជិក សមាជិកា ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ទាំងអស់ រួមគ្នាជាមួយខ្ញុំ ដើម្បីឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី»។ នេះជាថ្លែង សំណូមពររបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីផ្ទេរ និងចូលកាន់មុខតំណែងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ទាំង ៣៣រូប ដែលទើបជាប់ឆ្នោតថ្មីៗនេះ។

លោក លី ច័ន្ទតុលា បានផ្តល់ជាអនុសាសន៍ និងសំណូមពរមួយចំនួន ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ដើម្បីធានាប្រសិទ្ធភាពនៃការងារ សម្រេចបាននូវឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី រួមមាន៖

១៖ សូមគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវី។

២៖ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ គិតគូរ និងតម្កល់ផលប្រយោជន៍ របស់គណៈមេធាវីជាធំ។

៣៖ រាល់កិច្ចប្រជុំ និងការពិភាក្សារបស់ក្រុមប្រឹក្សាគណៈមេធាវី គឺជាការសម្ងាត់។ មានហេតុផលច្រើនណាស់ ដែលនាំឲ្យបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវី ចែងយ៉ាងច្បាស់អំពីការសម្ងាត់នេះ។ ការពិភាក្សា និងការសម្រេចមួយចំនួន គឺមានពាក់ព័ន្ធនឹងកិត្តិយស ឬកេរ្ត៍ឈ្មោះរបស់មេធាវី ឈ្មោះអ្នកគាំទ្រ ឬមិនគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្ររបស់គណៈមេធាវីផងដែរ។ រាល់ការផ្សព្វផ្សាយព័ត៌មានណាមួយ ទៅតតិយជន គឺត្រូវធ្វើឡើងតាមរយៈយន្តការផ្សព្វផ្សាយរបស់គណៈមេធាវី។

៤៖ ត្រូវចូលរួមប្រជុំឲ្យបានទៀងទាត់ និងទាន់ពេលវេលា។

៥៖ ត្រូវសិក្សា ស្រាវជ្រាវ និងសកម្មនៅក្នុងការជជែក ពិភាក្សា វែកញែក ធ្វើយ៉ាងណាធានាថា រាល់ការសម្រេចនីមួយៗ របស់ក្រុមប្រឹក្សា គឺមានហេតុផលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

លោក លី ច័ន្ទតុលា ក៏បានបន្ថែមនូវសំណូមពរ ៣ចំណុចទៀតគឺ៖

១៖ ត្រូវយកចិត្តទុកដាក់ អំពីសុខុមាលភាពរបស់សហភាតាមេធាវី និងការលំបាក ឬបញ្ហានានា ដែលសហភាតាមេធាវីជួយប្រទះ នៅក្នុងការប្រកបវិជ្ជាជីវៈ ហើយចាត់វិធានការអន្តរាគមន៍ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

២៖ សូមចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ជូនដល់សហភាតា និងផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី ឲ្យបានជាអតិបរមា ដល់សាធារណជន។

៣៖ ត្រូវយកចិត្តទុកដាក់ផងដែរ អំពីឥរិយាបថរបស់ខ្លួន ទាំងនៅក្នុងការបំពេញវិជ្ជាជីវៈ និងនៅក្នុងសង្គម។

ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ ដែលមានបេក្ខភាព ១១០រូប បានដំណើរការទៅដោយត្រឹមត្រូវ និងយុត្តិធម៌ នាដើមសប្តាហ៍នេះ។ ប្រធានគណៈមេធាវីកម្ពុជា បានកោតសរសើរបេក្ខភាពទាំងអស់ ដែលបានគោរពអនុវត្តតាមច្បាប់ និងបទបញ្ជា ស្តីពីការឃោសនារកការគាំទ្រ នៅក្នុងការកំណត់ដែលមានរយៈពេល ៣០ថ្ងៃ៕