(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលបច្ច័យចំនួន ៣,៥០០ដុល្លារអាមេរិក ពីព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្រ្តាចារ្យ នៃសកលវិទ្យាល័យបញ្ញាសាស្រ្ត គង់នៅវត្តគល់ទទឹង ដើម្បីចូលរួមសាងសង់ផ្ទះមួយខ្នងជូនអតីតយុទ្ធជនកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅថ្វាយចំពោះ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះអង្គបានព្រះទានបច្ច័យ ដល់កាកបាទក្រហមកម្ពុជា ដើម្បីយកទៅសាងសង់ផ្ទះជូនអតីតយុទ្ឋជន។

លោកស្រី សូមបួងទៅដល់ព្រះសង្ឃគ្រប់អង្គ មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺចង្រៃទាំងពួង ជាពិសេស។

ឆ្លៀតក្នុងឱកាសនោះដែរ ព្រះអង្គ ក៏បានប្រទានធម៌ទេសនាជូន ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា អំពីធម៌អប់រំចិត្ត ធ្វើបុណ្យប្រកបដោយបញ្ញា និងបានមានសង្ឃដិការអំពីការធ្វើសមាធិតាមផ្លូវដង្ហើមផងដែរ ក្នុងនោះការធ្វើធម៌ទេសនានេះ មានការចូលរួមដោយផ្ទាល់ចំនួន ២៦នាក់ និងតាមប្រព័ន្ធហ្សូមផងចំនួន ៤១នាក់។

បន្ទាប់ពីបញ្ចប់ធម៌ទេសនា ព្រះអង្គ បានមានសង្ឃដិការថា បច្ច័យបន្តិចបន្តួចនេះ គឺជាទឹកព្រះទ័យរបស់ព្រះអង្គ ដែលស្រឡាញ់គាំទ្រនូវរាល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ដែលពួកគាត់បានខិតខំប្រឹងប្រែងការពារទឹកដី។

ព្រះអង្គក៏បានកោតសសើរ នូវការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យកាកបាទក្រហមកម្ពុជា មានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានោះដែរ ព្រះអង្គបានប្រទាននូវសៀវភៅអាហារផ្លូវចិត្ត ចំនួន៥០០ក្បាលទៀត ដល់កាកបាទក្រហមកម្ពុជា៕