(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ចេញសេចក្តីសម្រេចថ្មីមួយស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព។ សេចក្តីសម្រេចនេះ បានគូសបញ្ជាក់ថា សពអ្នកជំងឺទូទៅមិនតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ១៩បន្តទៀតនោះឡើយ។

យោងតាមគោលការណ៍ការស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះ ដែលភ្ជាប់ជាមួយក្តីសម្រេចនេះ បានបញ្ជាក់ថា ការមិនតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ១៩ សម្រាប់អ្នកជំងឺទូទៅនេះ ដោយឈរលើមូលដ្ឋានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានវិសាលភាពធំធេងដោយសម្រេចបាន ៨៥.២២ភាគរយនៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់។

បើទោះបីជាយ៉ាងណា ដើម្បីធានាដល់ការបង្ការ និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗជាយថហេតុនោះ ការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺទូទៅនេះ ត្រូវអនុវត្តតាមវិធានការណ៍សុខាភិបាល និងស្របតាមទំនៀមទម្លាប់ប្រពៃណីសាសនាក្នុងបរិបទកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។ នៅតាមមន្ទីរពេទ្យ និងផ្ទះ ត្រូវអនុវត្តតាមគោលការណ៍ចំនួន៣រួមមាន៖

១៖ គោលការណ៍សុវត្ថិភាពនៃការរៀបចំទុកដាក់សព៖ អនុវត្តវិធានការបង្ការការឆ្លងរោគ តាមនិយាមស្តង់ដារដោយមានសម្ភារៈលាងសម្អាតដៃ ឬទឹកសម្លាប់មេរោគ និងពាក់ឧបករណ៍ការពារខ្លួនឱ្យបានត្រឹមត្រូវ។
២៖ គោលការណ៍គោរពសេចក្តីថ្លៃថ្នូររបស់សព៖ រៀបចំទុកដាក់សពឱ្យបានសមរម្យ តាមទំនៀមទម្លាប់ ប្រពៃណី និងសាសនាដោយផ្អែកតាមកម្រិតហានិភ័យ នៃការចម្លងជំងឺ និងវិធានការសុខាភិបាលជាធរមាន។
៣៖ គោលការណ៍បន្ថយហានិភ័យសុខភាពសាធារណៈ៖ សម្អាតបរិស្ថាន និងរក្សាអនាម័យល្អ ដើម្បីបង្ការការចម្លងរោគនៅគេហដ្ឋាន កន្លែងរក្សាសព ទីបូជាសព ឬបញ្ចុះសព ទីបូជាសព ឬបញ្ចុះសព និងទីតាំងជុំវិញ៕

សេចក្តីណែនាំលំអិតសូមអាននូវគោលការណ៍ណែនាំចេញដោយក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖