(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះរាជបណ្ឌិតសភាកម្ពុជា វៀបចំវេទិកាតុមូលស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយមានវាគ្មិនចម្រុះពណ៌ចូលរួមជជែកពីជុំវិញព្រឹត្តិការណ៍ និងសមិទ្ធផលទទួលបានពីកិច្ចព្រមព្រៀងមួយនេះ។

វាគ្មិនដែលចូលរួមក្នុងកិច្ចពិភាក្សានេះរួមមាន៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា, លោកបណ្ឌិត មាស នី អ្នកវិភាគ និងតាមដានការអភិវឌ្ឍសង្គម និងលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» មានអាយុឆ្នាំ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់វិញ្ញាសា និងការលំបាកតូចធំរាប់មិនអស់ ទម្រាំទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាននយោបាយ និងសង្គមជាតិទាំងមូល កំពុងមានសេចក្ដីសង្ឃឹម និងបានមើលឃើញសន្ដិភាព និងការកសាងជាតិឡើងវិញប្រកបដោយមោទនភាព ផ្ដើមចេញពីសុឆន្ទៈ និងភាពជាអ្នកដឹកនាំកាន់តែចាស់ទុំរបស់ថ្នាក់ដឹកនាំប្រទេស និងគ្រប់ភាគីនយោបាយពាក់ព័ន្ធ។

ស្ថេរភាពនយោបាយ និងការអភិវឌ្ឍជាតិប្រកបដោយនិរន្ដរភាព ពិតជាពុំអាចខ្វះបាននូវឆន្ទៈស្មារតីទទួលខុសត្រូវនិងការប្ដេជ្ញាចិត្ដរួមរបស់កម្ពុជាខ្លួនឯងផ្ទាល់ ផ្ដល់ចំពោះបុព្វហេតុសន្ដិភាពនិងការបង្រួបបង្រួមជាតិបានឡើយ។ ទន្ទឹមនឹងនោះ សហគមន៍អន្ដរជាតិ ក៏មានចំណែកដ៏សក្ដិសមក្នុងការបង្កភាព អនុគ្រោះចំពោះដំណើរការនេះ ជាពិសេស កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សមិទ្ធផលដែលសម្រេចបានក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងឆ្លើយតបជាវិជ្ជមានទៅនឹងចរន្តនៃដំណើរវិវត្តទស្សនទានស្តីពីវប្បធម៌សន្តិភាពរបស់ពិភពលោក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយផ្អែកជាមូលដ្ឋានលើតម្លៃជាសាកលក្នុងការគោរពសិទ្ធិរស់រានមានជីវិត សេរីភាព យុត្តិធម៌ សាមគ្គីធម៌ ការអត់ឱនឱ្យគ្នាទៅវិញទៅមក សិទ្ធិមនុស្ស ភាតរៈភាព សមភាព និងការលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមានតម្លៃខាងផ្នែកសីលធម៌និងជាមរតកប្រវត្តិសាស្ត្រនិងនយោបាយដ៏សំខាន់, ប៉ុន្តែ គេមិនអាចប្រើវាជាឧបករណ៍ដើម្បីអូសទាញឱ្យសហគមន៍អន្តរជាតិ មកចូលពាក់ព័ន្ធដោះស្រាយបញ្ហាផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យនោះទេ។ បញ្ហាផ្ទៃក្នុងកម្ពុជា ត្រូវដោះស្រាយដោយកម្ពុជា ក្រោមច្បាប់ផ្ទៃក្នុងកម្ពុជា។ សហគមន៍អន្តរជាតិមិនអាចប្រើលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីមករំលោភរដ្ឋអធិបតេយ្យមួយនោះទេ។

តែទោះជាបែបបនេះក្តី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែជាកម្មវត្ថុនិងរបៀបវារៈនយោបាយដែលត្រូវបានពិភាក្សាយ៉ាងក្តៅគគុកស្ទើរតែរៀងរាល់ឆ្នាំ។ ជាពិសេសនៅពេលស្ថានការណ៍នយោបាយផ្ទៃក្នុងមិនសូវល្អ និងរាល់ពេលខួបនៃកិច្ចព្រមព្រៀងនេះ ក្នុងចំណោមអ្នកនយោបាយខ្មែរមួយចំនួននិងបរទេសខ្លះផង។

លោកបណ្ឌិត គិន ភា បានឱ្យដឹងថា កិច្ចពិភាក្សាតុមូលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ធ្វើឡើងក្នុងគោលបំណងរំឭកឡើងវិញនូវស្មារតីនៃការផ្សះផ្សា បង្រួបបង្រួមជាតិ។ ជាពិសេសដំណើរការសន្តិភាព និងការបង្រួមបង្រួមជាតិពេញលេញគ្រប់ជ្រុងជ្រោយតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើលសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ ក្រោយកិច្ចព្រមព្រៀង និងទីតាំងដែលកម្ពុជាកំពុងស្ថិតនៅ និងការគិតគូរពីអនាគត និងចក្ខុវិស័យសម្រាប់កម្ពុជា។

ទន្ទឹមនឹងនេះ កិច្ចពិភាក្សាតុមូលនេះនឹងដើរតួនាទីជាទីលានសម្រាប់ការបញ្ចេញទស្សនៈ ដើម្បីជាតិពីគ្រប់និន្នាការសង្គមនិងនយោបាយក្នុងបរិបទសង្គមពហុនិយមនៃកម្ពុជា៕