(ឧត្តរមានជ័យ)៖ លោក គីម សុផារុន ប្រធានក្រុមការងារយុវជនចុះជួយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបន្តលើកទឹកចិត្តដល់សមាជិក សមាជិកាយុវជនបក្សទាំងអស់ បន្តបង្កើនសាមគ្គីផ្ទៃក្នុង ក្តាប់ឱ្យបានកម្លាំងយុវជនដែលមានអាយុចាប់ពី១៦ ដល់៣៨ឆ្នាំ ដែលជាកម្លាំងស្នូលថ្មីសម្រាប់ការងារបក្ស និងសម្រាប់ការចូលរួមជាបេក្ខភាពមេភូមិ និងមេឃុំសម្រាប់អាណត្តិបោះឆ្នោតឆ្នាំ២០២០ និងអាណត្តិខាងមុខៗទៀត។

ការលើកទឹកចិត្តបែបនេះ របស់លោក គីម សុផារុន បានធ្វើឡើងក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំពិភាក្សា និងសំណេះសំណាល ជាមួយប្រធាន និងអនុប្រធានក្រុមការងារយុវជនបក្សទាំង៥ឃុំ និងនាំយកអំណោយប្រគល់ជូនគ្រួសារយុវជនបក្សដែលមានជីវខ្វះខាតដល់ខ្នងផ្ទះចំនួន ៤៨នាក់ នៅស្រុកអន្លង់វែង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ។

នាឱកាសនោះដែរ លោកបានណែនាំដល់សមាជិក សមាជិកបក្សទាំងអស់ បន្តផ្សព្វផ្សាយគោលនយោបាយគណបក្សដល់សមាជិកបក្ស ស្តាប់សំណូមពររបស់យុវជននិងប្រជាជន ការត្រៀមលក្ខណៈសម្បត្តិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០២២ ដើម្បីឈានសម្រេចជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

នៅក្នុងកិច្ចសំណេះសំណាលនាពេលនោះ លោកក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់លោក គន់ គីម សមាជិកអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ ចំពោះប្រជាពលរដ្ឋ និងក្រុមយុវជនបក្ស ដោយក្តីនឹករលឹក និងគិតគូរបំផុត។

បន្ទាប់ពីស្តាប់របាយការណ៍របស់លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនយុវជនបក្សស្រុកអន្លង់វែង និងស្តាប់មតិចូលរួមរបស់សមាជិក សមាជិកា យុវជនបក្សទាំង៥ឃុំ ប្រធានគណៈកម្មាធិការគណបក្សស្រុកអន្លង់វែងរួច លោកបានកោតសរសើរ ចំពោះការខិតខំបំពេញការងារក្រកបដោយការយកចិត្តទុកដាក់ និងទទួលបានជោគជ័យនាពេលកន្លងមក។

លោកក៏បានគាំទ្រនូវរបាយការរបាយការណ៍ក្រុមការងារយុវជនស្រុកអន្លង់វែង និងការចូលរួមមតិរបស់យុវជនយ៉ាងផុសផុល។

បន្ទាប់ពីពិធីសំណេះសំណាលលោក គីម សុផារុន បាននាំយកអំណោយរបស់ប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ ជូនយុវជនបក្សក្នុងម្នាក់មី២កេស ម៉ាស់ ២ប្រអប់ និងថវិកាចំនួន ៣ម៉ឺនរៀល ជូនដល់យុវជនបក្សស្រុកសរុប ៣៥នាក់ និងអាវបក្សជូនដល់សមាជិកថ្មីដែលទើបបានចូលជាសមាជិកយុវជនបក្សចំនួន ១៨នាក់ផងដែរ។

នៅថ្ងៃដដែលនោះ លោក គីម សុផារុន និងថ្នាក់ដឹកនាំយុវជនបក្សស្រុក ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៤៨គ្រួសារ រស់នៅក្នុងស្រុកអន្លង់វែង។ ក្នុង ១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអីវ ១យួរ និងទឹកត្រី ១យួរ។

លោក គីម សុផារុន ក៏បានអំពាវនាវដល់យុវជនបក្សទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការរីរាលដាលនៃជំងឺកូវីដ១៩ តាមរយៈវិធានការរបស់សម្តេចតេជោ គឺ ៣ការពារ និង៣កុំ ផងដែរ៕