(ភ្នំពេញ)៖ រដ្ឋសភា នឹង «បន្តសម័យប្រជុំ» នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ សប្តាហ៍ក្រោយដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ក្នុងនោះក៏មានការពិភាក្សា និងអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងនឹងការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

ការកំណត់ពេលបើកសម័យប្រជុំពេញអង្គនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

សម្រាប់សម័យប្រជុំរដ្ឋសភានាថ្ងៃចន្ទទី២៥ ខែតុលាឆ្នាំ២០២១ នឹងមានរបៀបវារៈចំនួន៤ ត្រូវពិភាក្សា និងអនុម័តមានដូចជា៖

១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

២៖ ពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

៣៖ ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

៤៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន៕