(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្សព្វផ្សាយនូវខ្លឹមសារសង្ខេបប្រតិបត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលត្រូវបានកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តទាំងស្រុង នៅព្រឹកនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ ដែលកម្ពុជាកំពុងស្ថិតនៅកណ្តាលនៃវិបត្តិកូវីដ-១៩ នៅឡើយ បន្ទាប់ពី ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មីជាបន្តបន្ទាប់ ដែលបានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលបាន និងកំពុងបញ្ចេញចំណាយអន្តរាគមន៍យ៉ាងច្រើនទប់ទល់នឹងវិបត្តិនេះ ព្រមជាមួយនឹងការត្រៀមដាក់ចេញនូវ «យុទ្ធសាស្ត្រស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី» សំដៅលើកស្ទួយជីវភាពរបស់ប្រជាជនទូទៅ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលប្តេជ្ញាបន្តអនុវត្ត និងសម្រេចឱ្យបាននូវអាទិភាពគោលនយោបាយសំខាន់ៗជាសារវ័ន្ត, ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤, នៅលើមាគ៌ានៃការកែទម្រង់ស៊ីជម្រៅ និងការជំរុញការអភិវឌ្ឍ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលជាច្រើនដែលសម្រេចបានកន្លងមក ទាំងខាងនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសគឺ សន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំជាប់មិនដាច់ ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងបំផុត និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។

ថវិកាឆ្នាំ ២០២២ ត្រូវបានរៀបចំ និងវិភាជសម្រាប់ការអនុវត្តសកម្មភាពអាទិភាព ដែលត្រូវបានកំណត់ក្នុងកម្មវិធី និងអាទិភាពគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានជាអាទិ៍៖ ការទប់ទល់នឹងការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ ដើម្បីបន្តបង្កើតការងារជូនប្រជាជន ជាពិសេសស្រទាប់យុវជន, ផ្តល់លទ្ធភាពឱ្យប្រជាជនទទួលបានប្រាក់ចំណូលខ្ពស់ឡើងវិញ និងជំរុញបង្កើនចំណូលថវិកាជាតិ, ការបន្តអភិវឌ្ឍធនធានមនុស្ស, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត; ការបន្តអភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមនៃវិស័យកសិកម្ម, ការកសាងប្រព័ន្ធគាំពារសង្គមរឹងមាំ និងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព និងមានភាពឆ្លើយតបខ្ពស់, ការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការកែលម្អប្រព័ន្ធអប់រំកាន់តែមានគុណភាពខ្ពស់, និងការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។ លើសពីនេះទៀត ថវិកាឆ្នាំ ២០២២ ក៏ជាថវិកាដែលត្រូវធានាដល់ជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបំពេញកាតព្វកិច្ចតំបន់ និងអន្តរជាតិរបស់កម្ពុជា ពិសេសក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២។

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា ក្នុងសេចក្តីព្រាងច្បាប់នេះ នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ៨.៥ពាន់លានដុល្លារត្រូវជា ២៧.៩៥%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។

ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឲ្យត្រូវបានចំនួន ២៥.៦ទ្រីលានរៀល ស្មើនឹង៦.៣ពាន់លានដុល្លារ ត្រូវជា ២០.៦១% នៃផ.ស.ស ដែលមានការកើនឡើង ១៩.៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១៕