(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នឹងលើកយកចំណុចអាទិភាពចំនួន៥ចំណុច មកបង្ហាញនាឱកាសដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ (ADMM 2022)។ ខណៈកិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យកងយោធពលខេរមភូមិន្ទ បង្ហាញនូវកិត្យានុភាពរបស់ខ្លួនទៅកាន់មជ្ឈភាពអាស៊ាន ក៏ដូចជាពិភពលោកទាំងមូល។

បន្ថែមពីនេះ ក្រសួងការពារជាតិកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច សម្រាប់ធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ដែលនឹងប្រព្រឹត្តិទៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ទាំងការធ្វើចំពោះមុខ និងកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយ ដោយក្នុងនោះក្រសួងការពារជាតិ នឹងលើកយកចំណុចអាទិភាព៥ចំណុច មកបង្ហាញ។

នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ប្រទេសកម្ពុជានឹងចាប់ផ្តើមតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ហើយក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នឹងត្រូវអនុវត្តតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ADMM និងកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខមួយចំនួនទៀតនេះឱ្យកាន់តែល្អប្រសើ និងការទទួលខុសត្រូវបំផុត ដើម្បីធ្វើយ៉ាងឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យនិងជាទីមោទន ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម» នោះ។

គោលបំណងអាទិភាពរបស់ក្រសួងការពារជាតិកម្ពុជា ក្នុងនាមជាប្រធាន ADMM 2022 រួមមាន៖

ទី១៖ លើកកម្ពុស់ការរក្សា និងការពារសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ
ទី២៖ ជំរុញការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ
*ទី៣៖ ជំរុញកិច្ចសហប្រតិបត្តិការតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយ គ្រោះមហន្តរាយ និងជំងឺរាតត្បាតសកល
*ទី៤៖ ដាក់បង្ហាញនយោបាយការពារជាតិកម្ពុជាតាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ-ស ការពារជាតិ
និងទី៥៖ ជំរុញការអនុវត្តជាក់ស្តែងតាមកម្មវិធីការងារបីឆ្នាំរបស់ ADMM ២០២០-២០២២

អាទិភាពមួយទៀតរបស់ក្រសួងការពារជាតិ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំ ADMM ២០២២ កម្ពុជានឹងធ្វើការពិនិត្យលើវឌ្ឍនភាព ក៏ដូចជាជំរុញការអនុវត្តកម្មវិធីការងារ៣ឆ្នាំរបស់ ADMM ២០២០-២០២២ ឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

កម្មវិធីការងារបីឆ្នាំរបស់ ADMM នេះ គឺជាផែនការសកម្មភាពមួយដើម្បីពង្រឹងជំនឿទុកចិត្តលើកកម្ពស់សមត្ថភាព និងកិច្ចសហប្រត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់រួមគ្នា។

ថ្លែងតាមរយៈវីដេអូពីចម្ងាយនៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM បានលើកឡើងថា នេះជាលើកទី២ហើយ ដែលក្រសួងការពារជាតិកម្ពុជា ទទួលតួនាទីជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំ ADMM និងកិច្ចប្រជុំផ្សេងៗទៀត បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តិទៅកាលពីឆ្នាំ២០១២ កន្លងទៅនោះ។

សម្តេចពិជ័យសេនាទៀ បាញ់ បានបន្តថា ព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តនេះ ផ្តល់ឱកាស សម្រាប់ក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ក្នុងការបង្ហាញកិត្យានុភាព និងសមត្ថភាពនៃការត្រួសត្រាយផ្លូវ ដើម្បីរក្សាបាននូវឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពអាស៊ាន ជាដើមនោះ។

សម្តេចពិជ័យបានបន្ថែមទៀតថា កិច្ចប្រជុំ ADMM នេះ គឺមានសារៈសំខាន់ណាស់ក្នុងការ បញ្ជ្រាបការយល់ដឹង ឱ្យកាន់តែស៊ីជម្រៅថែមទៀត អំពីតួនាទីជាប្រវត្តិសាស្រ្តរបស់ក្រសួងការពារជាតិ ក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ និងគោលដៅចម្បង ដែលកម្ពុជាចង់សម្រេចបានក្នុងនាមជាប្រធានអាស៊ាន សម្រាប់ជាផលប្រយោជន៍របស់កម្ពុជាផង និងជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃតំបន់អាស៊ានទាំង មូលផង។

ទាក់ទងនឹងកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារអនុវត្តគណៈកម្មការខ្លឹមសារ និងឯកសារ បានថ្លែងថា គោលដៅនៃកិច្ចប្រជុំក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិ សុខ ប្រកបដោយភាពសុខដុម» នេះគឺសំដៅស្វែងរកការឯកភាពគ្នាជាធ្លុងមួយក្នុងចំណោមបណ្តាប្រទេសអាស៊ាន ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)។

នៅក្នុងកិច្ចជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើបទបង្ហាញនូវភាពជោគជ័យរបស់ខ្លួន ក្នុងវិស័យការពារជាតិ វិស័យសន្តិសុខ និងការចូលរួមនូវកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយអង្គការសហប្រជាជាតិ លើសកម្មភាពមនុស្សធម៌ ក៏ដូចជាគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៕