(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ យ៉ាងហោចណាស់ មានគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៨ទីតាំង បានទទួលការអនុញ្ញាតឲ្យបើកដំណើការសាកល្បង ដំណាក់កាលដំបូង។ នេះបើតាម លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។

លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យោងតាម ១១ចំណុចនៃស្មារតីលិខិតលេខ៥២ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនមួយចំនួន បានដាក់ពាក្យស្នើសុំបើកដំណើការសាកល្បង។ គិតត្រឹមពេលនេះ ១៨ទីតាំង បានទទួលការអនុញ្ញាតឲ្យបើកដំណើការសាកល្បង តាមផែនការរៀងៗខ្លួនឈរលើអនុស្សារណ: នៃការយោគយល់រវាងគ្រឹះស្ថានឧត្តមសិក្សា និងក្រសួងអប់រំ យុវជន និងកីឡា»

បើតាមអ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងបន្ថែមថា គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស មាន១២៨ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មាន៤៨ និងឯកជនមាន ៨០ ដែលមានទីតាំងស្ថិតនៅ ២០ខេត្ត និងរាជធានី។

ការបើកដំណើរការថ្នាក់ឧត្តមសិក្សាឡើងវិញនេះ ធ្វើឲ្យនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយពួកគេចាត់ទុកថា សកម្មភាពនេះ ប្រៀបបាននឹងការលើកកម្ពស់ស្តង់ដារអប់រំ ឲ្យកាន់តែប្រសើរ។ ជាក់ស្តែង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការបើកសាលានេះឡើងវិញ បណ្តានិស្សិតដែលមករៀនក្នុងថ្នាក់ សុទ្ធតែពោរពេញដោយទឹកមុខញញឹមញញែម។

កញ្ញា គឹម ស្រីណុច និស្សិតជំនាញគណនេយ្យ បានថ្លែងថា នាង និងមិត្តភក្តិ បានចាក់ថ្នាំបង្ការជំងឺកូវីដ១៩ អស់ហើយ អញ្ចឹងមិនមានរឿងអ្វីត្រូវបារម្ភទេ ទោះបីជាឆ្លងមេរោគនេះ ក៏មានហានីភ័យតិច និងងាយស្រួលព្យាបាលដែរ។

ស្រី ណុច ដែលបានចាក់ថ្នាំបង្ការជំងឺកូវីដ១៩ បានចំនួន ៣ដូសហើយនោះ បានថ្លែងបន្តថា «ខ្ញុំចង់រៀនក្នុងថ្នាក់ ដោយសារយើងងាយស្រួលសួរសំណួរគ្រូ និងងាយស្រួលយល់នូវមេរៀនថ្មី។ បើរៀនអនឡាញ ជួនកាលមានបញ្ហា Internet ជួនកាលដាច់ភ្លើង ជួនកាលមានបញ្ហាផ្សេងៗទៀត ដូចជាយើងពិបាកស្តាប់គ្រូបង្រៀន»

និស្សិតរូបនេះគិតថា ការណ៍ដែលរាជរដ្ឋាភិបាល បើកសាលាឡើងវិញអំឡុងពេលនេះ ជារឿងត្រឹមត្រូវដោយសារប្រជាជនយើងទូទាំងប្រទេស ទទួលបានចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សឹងតែគ្រប់គ្នា ដែលអ្នកខ្លះចាក់បាន ២ដូស និងអ្នកខ្លះទៀត ចាក់បាន ៣ដូស។

ស្របពេលជាមួយគ្នានេះ លោក លី អ៉ីឆ័ង និស្សិតជំនាញទីផ្សារ បានថ្លែងថា ការរៀនតាមអនឡាញ មានផលរំខានដល់គាត់យ៉ាងខ្លាំង។ ផលរំខាន ដោយសារតែបញ្ហា Internet និងផលរំខាន ដោយសារតែពេលខ្លះដាច់ភ្លើង ដែលធ្វើឲ្យនិស្សិតនៅតាមខេត្តដូចគាត់ ពិបាករៀនសូត្រ។ ប្រការនេះហើយ ដែលធ្វើឲ្យនិស្សិត ដែលជាអ្នកខេត្តកណ្តាលរូបនេះ ចង់រៀនក្នុងថ្នាក់ជាង។

លោកបានបន្ថែមថា «ការរៀនអនឡាញ យើងជួបប្រទះបញ្ហា Internet អស់ថ្មទូរស័ព្ទ តែបើយើងរៀននៅក្នុងថ្នាក់ គឺយើងអាចរៀនបានពេញម៉ោង ហើយអាចសួរគ្រូបានភ្លាមៗ និងមានសកម្មភាពឆ្លងឆ្លើយទៅវិញទៅមកទាន់ចិត្ត ក៏ដូចជាផ្លាស់ប្តូរយោបល់ជាមួយមិត្តរួមថ្នាក់បានល្អ»

មុនបើកសាកលវិទ្យាល័យជាតិគ្រប់គ្រងឡើងវិញ សាកលវិទ្យាល័យនេះ បានធ្វើតេស្តរកមេរោគកូវីដ១៩ ដល់គណៈគ្រប់គ្រង និងសាស្ត្រាចារ្យ ក៏ដូចជាបុគ្គលិករបស់ខ្លួនរួចហើយ។ ការធ្វើតេស្តរកមេរោគកូវីដ១៩ ដល់គណៈគ្រប់គ្រង និងសាស្ត្រាចារ្យ ក៏ដូចជាបុគ្គលិករបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាផ្នែកមួយ នៃសេចក្តីណែនាំទាំង ១១ចំណុច របស់ក្រសួងអប់រំចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។

បើតាមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បញ្ជាក់ថា ជំហានដំបូងនេះសាលារបស់លោកបើកដំណើរការ ចំនួន ១០ថ្នាក់ ដោយវេនព្រឹកមាន ៥ថ្នាក់ និងវេនរសៀលមាន ៥ថ្នាក់។ លោកបន្តថា បើសិនជាការសាកល្បងដំណាក់កាលទី១ នេះជោគជ័យ ក្នុងរយៈពេល ២សប្តាហ៍ សាលាកលវិទ្យាល័យនឹងពិនិត្យលទ្ធភាព បើកដំណើរការថ្នាក់រៀនបន្ថែមទៀត។

ចំណែកលោក ព្រហ្ម សុផាន់ណា សាកលវិទ្យាធិការរង ទទួលបន្ទុកសិក្សា បានធ្វើបទបង្ហាញពីចំណុចសំខាន់ៗ ដែលសាលារៀបចំបង្ការ ក៏ដូចជាសម្រាប់ទប់ទល់នឹងជំងឺកូវីដ១៩។ ក្នុងនោះ សាកលវិទ្យាល័យបានបង្កើតឲ្យមានបន្ទប់សុខភាពសិក្សា និងបន្ទប់ធ្វើតេស្តកូវីដ១៩ផងដែរ ក្នុងករណីសង្ស័យថា និស្សិតណាម្នាក់មានអាការៈមិនស្រួល។

«ដំណាក់ដំបូងនេះ សាលាបានឲ្យសិស្សជាអ្នកជ្រើសរើសថា ចង់រៀនផ្ទាល់ ឬរៀនតាមអនឡាញ។ អញ្ចឹងហើយ ដោយសារក្នុងមួយថ្នាក់ យើងដាក់និស្សិតតែ ២០នាក់ យើងទុកសិទ្ធិឲ្យនិស្សិតជាអ្នកសម្រេចដោយខ្លួនឯង ពីជម្រើសដែលពួកគាត់ចង់បាន»។ នេះបើតាមលោក ព្រហ្ម សុផាន់ណា បញ្ជាក់បន្ថែម៕