(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំវេទិកាជជែកពិភាក្សាគ្នាមួយជុំវិញព្រឹត្តិការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្នុងវេទិកានេះ ត្រូវបានចូលដោយវាគ្មិនមកពីភាគីចម្រុះពណ៌ទាំងតំណាងអង្គការសង្គមស៊ីវិល អ្នកតាមដានព្រឹត្តិការណ៍សង្គម តំណាងបក្សនយោបាយ និងអ្នកសិក្សាប្រវត្តិសាស្ត្រ។

វេទិកាបានជជែកយ៉ាងផុលផុស ហើយបង្ហាញទស្សនៈផ្សេងៗគ្នាជុំវិញការបង្កើតឱ្យមានវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស តួអង្គបង្កើតឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស គុណប្រយោជន៍សម្រាប់កម្ពុជាបានពីកិច្ចព្រមព្រៀង និងអំពីសុពលភាពនៃកិច្ចព្រមព្រៀងនេះផងដែរ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកសិក្សាស្រាវជ្រាវមួយរូបនោះ បានផ្តល់តម្លៃខ្ពស់ចំពោះឥស្សរជនកម្ពុជាពីរអង្គ និងរូប ជាតួអង្គគន្លឹះក្នុងការរកបាននូវកិច្ចព្រមព្រៀងមួយនេះ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន។ សម្រាប់លោក សុខ ទូច បើគ្មានតួអង្គទាំងពីរទេ កម្ពុជាមិនអាចសម្រេចបានកិច្ចព្រមព្រៀងនេះឡើយ ទោះបីមានការជួយជ្រោមជ្រែងពីបរទេសក៏ដោយ។

លោក សុខ ទូច ក៏បានលើកឡើងនូវទិដ្ឋភាពច្បាប់នានាផងដែរថា កិច្ចព្រមព្រៀងនេះ ត្រូវបានអស់សុពលភាពនៅក្រោយពេលកម្ពុជាបង្កើតបាននូវរដ្ឋធម្មនុញ្ញនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយដាក់ឱ្យអនុវត្តមកដល់ពេលបច្ចុប្បន្ននេះ៕