(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ប្រចាំកម្ពុជា (AHF) បានថ្លែងបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំង ឱ្យបានទូទាំងសកលលោកទេ ទើបអាចជួយការពារអាយុជីវិតមនុស្សពីជំងឺកូវីដ១៩បាន តាមរយៈការជួយការពារកុំឱ្យឈឺធ្ងន់ធ្ងរ និងជួយឱ្យការព្យាបាលឆាប់ជាសះស្បើយ។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំការធ្វើយុទ្ធនាការអំពាវនាវដល់បណ្តាប្រទេសអ្នកមាននៅទូទាំងពិភពលោក (G20) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជួយដល់បណ្តាប្រទេសក្រីក្រីខណៈពេលបច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានបន្ថែមថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាល នៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន។ ជំងឺ COVID-19 នៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាតវិធានការ នោះគឺការខ្វះខាតវ៉ាក់សាំងសង្រ្គោះជីវិតមនុស្ស។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងដែរថា ប្រទេសអ្នកមានត្រូវតែប្តេជ្ញាចិត្ត ចំពោះសកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូល នាពេលខាងមុខនេះ ដើម្បីធានាថា គ្រប់ប្រទេសមិនថាទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ចយ៉ាងណានោះទេ គឺត្រូវតែមានវ៉ាក់សាំងដើម្បីការពារប្រជាពលរដ្ឋ និងបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះទេ ដោយចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាឧបត្ថម្ភដល់អ្នកជាប់ព័ន្ធ ដើម្បីជំរុញផលិតវ៉ាក់សាំង ឱ្យបានទូទាំងពិភពលោក។

តំណាងប្រជាពលរដ្ឋ ក្នុងការចូលរួមយុទ្ធនាការនេះ បានបញ្ជាក់ វ៉ាក់សាំងគឺពិតជាមានសារៈសំខាន់ណាស់សំរាប់ពួកគាត់ និងប្រជាជនទូទាំងសកលលោក ដើម្បីជួយការពាអាយុជីវិត ដូចនេះសូមឱ្យប្រទេសអ្នកមានទាំងអស់ ជួយផ្តល់ជាវ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រទេសក្រីក្រឱ្យបានច្រើន ដើម្បីបានវ៉ាក់សាំងការពារ និងសូមទុក អាយុជីវិតមនុស្សជាការសំខាន់ជាជាងការស្តុកវ៉ាក់សាំងទុកប្រើប្រាស់តែក្នុងប្រទេសខ្លួនឯងដោយភាពអាត្មានិយម ដែលមិនគិតដល់អ្នកដ៏ទៃ។

ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, កន្លែងដែលអ្នកអាចចូលរួមជាបុគ្គល ឬជាអង្គការ ដើម្បីប្រយុទ្ធឱ្យទទួលបាន វ៉ាក់សាំងនៅទូទាំងពិភពលោក។ សូមជម្រាបថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោកនៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន ការ៉ាអ៊ីបតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕