(កោះកុង)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តកោះកុង បានដោះស្រាយបញ្ចប់បញ្ហាដីធ្លីដោយជោគជ័យជូនប្រជាពលរដ្ឋនៅស្រុកបូទុមសាគរ ស្រុកគីរីសាគរ ខេត្តកោះកុងសរុប១,២២៧គ្រួសារ ដែលមានផលប៉ះពាល់ជាមួយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។

នាឱកាសនេះ ក្រុមការងារ បានរៀបចំពិធីចាប់ឆ្នោត ដើម្បីទទួលយកលេខរៀងក្នុងការទទួលទីតាំងដីឡូតិ៍ និងប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋស្រុកគីរីសាគរ និងស្រុកបូទុមសាគរ ខេត្តកោះកុង ដែលបានបញ្ចប់ជាស្ថាបពរផងដែរ។

ការចាប់ឆ្នោតបញ្ចប់ទទួលលេខរៀងដីឡូតិ៍ខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី និងលោក សុខ សុទ្ធី អភិបាលរងខេត្តទទួលបន្ទុកដោះស្រាយវិវាទដីធ្លី ព្រមទាំងអាជ្ញាធរស្រុកទាំង២ ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធផងដែរ។

លោក សុខ សុទ្ធី បានឱ្យដឹងថា «ក្រោយពីមានការសម្របសម្រួលដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ដែលមានដីទំនាស់ផលប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀនរួចមក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមការងារអាជ្ញាធរជាតិ និងអាជ្ញាធរខេត្ត បានសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងរៀបចំការចាប់ឆ្នោតយកទទួលលេងរៀងទីតាំងដីឡូតិ៍ដល់ពួកគាត់ចំនួន១,២២៧គ្រួសារ ដែលពួកគាត់បានយល់ស្របព្រមគ្នាក្នុងការចាប់ឆ្នោតទទួលយកទីតាំងដីឡូតិ៍ជាកម្មសិទ្ធិស្របច្បាប់ទាំងអស់គ្នា»

លោក សុខ សុទ្ធី បានទទូចសុំឲ្យប្រជាពលរដ្ឋ នៅពេលទទួលបានការសម្របសម្រួលពីអាជ្ញាធរជាតិ និងអាជ្ញាធរខេត្ត ហើយបានក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីរួចហើយ សូមកុំលក់ទៅឲ្យឈ្មួញឡើយក្នុងរយៈពេល៥ឆ្នាំ ពោលត្រូវរក្សាទុកគ្រប់គ្រងដោយខ្លួនឯង ធ្វើរបង ដាំដំណាំកសិកម្ម អាស្រ័យផលក្នុងគ្រួសារ។ បើមានដីជាកម្មសិទ្ធិស្របច្បាប់ហើយ យើងត្រូវចេះថែរក្សាវា កុំឱ្យបាត់បង់ទៀត»។

ជាមួយគ្នានេះលោកអភិបាលរងខេត្ត សូមឱ្យប្រជាពលរដ្ឋបញ្ឈប់ការលួចកាប់ទន្ទ្រានដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋបន្តទៀត ដែលនាំមកនៅបញ្ហាប្រឈប់ជាមួយផ្លូវច្បាប់ទៀតផង។

លោកអភិបាលរងបានបញ្ជាក់ថា ពលរដ្ឋចំនួន១,២២៧គ្រួសារ ដែលមកចាប់លេខរៀងទទួលដីឡូតិ៍ និងទទួលប័ណ្ណកម្មសិទ្ធិផ្ទាល់ពីគោលការណ៍ដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនពួកគាត់ដែលមានផលប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ក្នុងរយៈពេលកន្លងមក។

ប្រជាពលរដ្ឋដែលទទួលការសម្របសម្រួលដោះស្រាយផលប៉ះពាល់បញ្ហាដីធ្លីខាងលើ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានសម្របសម្រួលដោះស្រាយដីរបស់ពួកគាត់ ដែលមានផលប៉ះពាល់គម្រោង អភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀនរាប់ឆ្នាំហើយ ហើយពេលនេះត្រូវបានដោះស្រាយបញ្ចប់ ដោយពួកគាត់បានដីរស់នៅវិញ ធ្វើដំណាំកសិកម្ម និងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់គ្រាន់ ពេញលេញដោយមិនមានការព្រួយបារម្មណ៍ភិតភ័យទៀតឡើយ៕