(ក្រចេះ)៖ លោក ភីម ភារា អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ អគារសាលាបឋមសិក្សាថ្មីស្រឡាងមួយខ្នង នៅសាលាបឋមសិក្សាវាលកន្សែង ដែលជាអំណោយរបស់អង្គការ ឆាលហ្វាន់ប្រចាំកម្ពុជា ដែលមានទីតាងស្ថិតក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ភីម ភារា បានបន្ដថា ជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធអប់រំតាមរយៈគម្រោងដែលមានឈ្មោះថា «ងាយស្រួលរៀន» ដែលបង្កើតឡើងដោយអង្គការឆាលហ្វាន់កម្ពុជា ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (ខាងត្បូង)ដែលហៅកាត់ថា «កយកា» (KOICA) ពីឆ្នាំ ២០១៩ ដល់២០២១។

លោក ភីម ភារា បានបញ្ជាក់ថា គម្រោងនេះ បាននឹងកំពុងអនុវត្តដោយអង្គការដៃគូក្នុងស្រុកមួយឈ្មោះថា សមាគមខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលហៅកាត់ថា កាហ្វដុក (KAFDOC) ដើម្បីធានាថាកុមារគ្រប់រូបបានចូលរៀនប្រកបដោយគុណភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប កំណែទម្រង់វិធីសាស្ត្របង្រៀន និងរៀន ព្រមទាំងពង្រឹងការចូលរួមពីសហគមន៍ពាក់ព័ន្ធ។

ក្រៅពីអគារសិក្សាថ្មី២ខ្នង គម្រោងបានសាងសង់អគារបណ្ណាល័យទំនើបដាច់ដោយឡែកចំនួន ៧អគារ បង្គន់អនាម័យតភ្ជាប់ប្រព័ន្ធទឹកចំនួន ៧កន្លែង ខួងអណ្តូងប្រើសូឡាចំនួន ២អណ្តូង កែលម្អថ្នាក់រៀនឱ្យទៅជាបណ្ណាល័យចំនួន ៥បន្ទប់ រៀបចំបន្ទប់កុំព្យូទ័រចំនួន៣ ដោយបំពាក់កុំព្យូទ័រលើតុ ៤៨គ្រឿង និងផ្តល់សៀវភៅអានជាង ២៣,០០០ ក្បាល កុំព្យូទ័រយួរដៃចំនួន ១៧គ្រឿង សម្ភារៈសិក្សាផ្នែកអំណាន និងគណិតវិទ្យាចំនួន ១១៩ ហិប និងថេប្លេត (Tablet) ដែលដំឡើងកម្មវិធីអំណានខ្មែរចំនួន ២៩៤គ្រឿង ។

លោក ភឹម ភារា អភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះគម្រោងគាំទ្ររបស់អង្គការឆាលហ្វាន់ ក្រោមជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ក៏ដូចជានៅខេត្តក្រចេះ ហើយសាលាកុមារមេត្រី ពុំអាចសម្រេចលទ្ធផលល្អប្រសើរបានឡើយ ប្រសិនបើគ្មានការជួយគាំទ្រផ្នែកធនធានពីដៃគូអភិវឌ្ឍន៍ដូចជា កយកា និងអង្គការឆាលហ្វាន់ ហើយជាភ័ព្វសំណាងសម្រាប់កុមារជនបទដូចជានៅស្រុកឆ្លូងនេះដែរ ដែលមានឱកាសបានរៀនសូត្រក្នុងអគារសិក្សាថ្មីដែលបំពាក់ដោយសម្ភារៈទំនើបជាច្រើនផងដែរ។

លោក បានជម្រុញដល់ មាតា បិតាសិស្សយកកូនទៅចាក់វ៉ាសាំងអោយបានគ្រប់គ្នា ដើម្បីបានកូនមករៀនសូត្រ ដើម្បីជាធនធានមនុស្សសម្រាប់កសាងប្រទេសជាតិជួយកាត់បន្ថយភាពក្រីក្រផងដែល។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសនៃអង្គការឆាលហ្វាន់ កម្ពុជា និងលោក រ៉ូ ស៊ុនជុន នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ក៏បានមានប្រសាសន៍ដែរថា ៖ គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីធានាថាកុមារក្នុងតំបន់ដាច់ស្រយាល អាចទទួលបាននូវការអប់រំប្រកបដោយគុណភាព ដូចកុមារនៅតាមទីក្រុងដែរ។

គម្រោងបានផ្តួចផ្តើមវិធីសាស្ត្រ និងបច្ចេកវិទ្យាទំនើប រួមទាំងការជួយកុមារឱ្យរៀនបានប្រសើរតាមរយៈ សិស្សធំជួយបង្រៀនសិស្សតូច ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន និងរៀន ការប្រើប្រាស់ថេប្លេត (Tablet) ដើម្បីតាមដាន និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងការប្រើប្រាស់កម្មវិធីលើថេប្លេត ដើម្បីទាក់ទាញកុមារឱ្យសិក្សាជាដើម ហើយការអភិវឌ្ឍន៍ធនធានមនុស្ស ជាផ្នែកអាទិភាពមួយសម្រាប់ (កយកា) នៅកម្ពុជា។

បន្ថែមពីនេះទៀត កយកា បានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពខ្ពស់បំផុត នៅក្នុងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ននៅកម្ពុជា ក្រោមពាក្យស្លោកថា «មិនទុកនរណាម្នាក់ចោល»